Ad Code

ប៉ា​គី​ស្ថាន​ត្រៀម​ដោះលែង​អ្នកទោស​ឥណ្ឌា​ជាង​៣៦០​នាក់​ ខណៈ​ភាព​តានតឹង​ធូរស្រាល



ការិយាល័យ​ការបរទេស ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ប៉ា​គី​ស្ថាន ​នឹង​ដោះលែង​អ្នកទោស​ឥណ្ឌា​ចំនួន​៣៦០​នាក់​ក្នុង​ខែ​នេះ ​ខណៈ​អ្នកជិតខាង​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ ​បាន​បញ្ចៀស​ការប្រឈមមុខ​ដាក់គ្នា​ ដែល​នាំ​ឲ្យ​មហាអំណាច​ពិភពលោក​ជំរុញ​ឲ្យ​មានការ​អត់ធ្មត់​។​

ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដោយ​ក្រុម​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ ក្នុង​តំបន់​កា​ស្មៀ​រដែ​ល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ បានសម្លាប់​ទាហាន​ប៉ា​រ៉ា​ឥណ្ឌា​យ៉ាងតិច​៤០​នាក់​ កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ ប៉ុន្តែ​ហានិភ័យ​នៃ​ជម្លោះ​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ថ្ងៃទី​២៧ ​ខែកុម្ភៈ​នៅពេលដែល​ឥណ្ឌា​បើក​ការវាយប្រហារ​អាកាស​ទៅលើ​អ្វីដែល​ខ្លួន​និយាយថា​ជា​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្រុម​សកម្មប្រយុទ្ធ​។​

នៅ​ថ្ងៃ​បន្ទាប់ ប្រទេស​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ឥណ្ឌា​មួយគ្រឿង​ហើយ​ចាប់ខ្លួន​អ្នកបើក​យន្តហោះ​ប៉ុន្តែ​ក្រោយមក​បាន​ដោះលែង​វិញ​។​
​លោក Mohammad Faisal អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការបរទេស​ប៉ា​គី​ស្ថាន​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​ប្រទេស​ប៉ា​គី​ស្ថាន​បាន​សម្រេចចិត្តថា អ្នកទោស​ឥណ្ឌា​ចំនួន​៣៦០​នាក់​ដែលមាន​អ្នកនេសាទ​៣៥៥​នាក់​និង​ជន​ស៊ីវិល​៥​នាក់​នឹង​ត្រូវបាន​ដោះលែង​”​។​
​លោក​និយាយថា​អ្នកទោស​នឹងត្រូវ​បាន​ដោះលែង​ជា​បួន​ដំណាក់កាល​ចាប់ពី​ថ្ងៃទី​៨​ខែមេសា​។​

ដោយសារតែ​ទំនាក់ទំនង​រង្គោះរង្គើរ​រវាង​ភាគី​ទាំងពីរ អ្នកទោស​ដែល​បានបញ្ចប់​ការជាប់​ពន្ធនាគារ​ជា​ញឹកញាប់​គឺ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​ជាច្រើន​ខែ​ឬ​ច្រើន​ឆ្នាំ​ទៀត​។​

យោងតាម​បញ្ជី​ដែល​បាន​ដោះដូរ​គ្នា​ដោយ​ភាគី​ទាំងពីរ​កាលពី​ខែមករា​បាន​បង្ហាញថា មាន​អ្នកទោស​ប៉ា​គី​ស្ថាន​ចំនួន​៣៤៧​នាក់​នៅក្នុង​ពន្ធនាគារ​ឥណ្ឌា​ដែល​ក្នុងចំណោម​នោះ​មាន​២៤៩​នាក់​ត្រូវបាន​អ្នកនាំពាក្យ​ពិពណ៌នា​ថា​ជា​ជន​ស៊ីវិល​និង​អ្នកនេសាទ​៩៨​នាក់​។​

ដោយឡែក មាន​អ្នកទោស​ឥណ្ឌា​ចំនួន​៥៣៧​នាក់​នៅក្នុង​ពន្ធនាគារ​ប៉ា​គី​ស្ថាន​ដែល​ក្នុងនោះ​មាន​៤៨៣​នាក់​ជា​អ្នកនេសាទ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu