ភ្នំពេញ ៖ លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានអះអាងថា ពាក្យសម្ដីរបស់ លោក សម រង្ស៊ី ដែលបានចោទប្រកាន់អ្នកស្នើសុំសិទ្ធិនយោបាយឡើងវិញថា ជា “ជនភ្លីភ្លើ ថោកទាប និងក្បត់” នោះ មិនមានចែងក្នុងគុណសម្បត្តិ នៃភាពជាអ្នកដឹកនាំ ហើយលោកក៏មិនចូលចិត្ត និងមិនឲ្យតម្លៃចំពោះជនទាំងឡាយណា ដែលខ្វះគុណធម៌ និងសីលធម៌លាបពណ៌អ្នកដទៃនោះដែរ។
លោក មុត ចន្ថា ថ្លែងបែបនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។ លោកសរសេរថា ទី១.លោក សម រង្ស៉ី បានចោទលោក ម៉ៅ មុនីវណ្ណ ថាជាជនក្បត់ជាសាធារណៈ ខណៈដែលពុំមានភស្តុតាងអំពើក្បត់។ ទី២.លោក គី វណ្ណដារ៉ា បានចោទលោក ម៉ៅ មុនីវណ្ណ ថាបានរាយការណ៍មួលបង្កាច់ ខណៈដែលពុំមានឯកសារជាភស្តុតាងបញ្ជាក់។ ទី៣.លោក សម រង្ស៉ី ចោទអ្នកណាដាក់ពាក្យសុំសិទ្ធិនយោបាយ ថាជា “ជនភ្លីភ្លើ ថោកទាប និងក្បត់” ខណៈដែលពួកគេអនុវត្ត និងប្រើប្រាស់សិទ្ធិស្វ័យសម្រេចរបស់ពួកគេ។
លោក មុត ចន្ថា អះអាងថា លោកចាំមើលថា តើ លោក ម៉ៅ មុនីវណ្ណី ជាចុងចម្លើយ ឬជាជនត្រូវគេចោទចេញមុខបកស្រាយ ឬបំភ្លឺ ដែរឬទេ? ឬ លោក ម៉ៅ មុនីវណ្ណ គោរពតម្លៃគុណធម៌សុខចិត្តមិនតបតចំពោះការចោទប្រកាន់មកលើខ្លួន ហើយសុខចិត្តបន្តរស់នៅជាមួយរបងហ៊ុមព័ទ្ធ ដោយការចោទប្រកាន់បែបនេះ។ លោកបញ្ជាក់ថា “ជាគោលជំហរ និងគោលការណ៍ ខ្ញុំមិនចូលចិត្ត និងមិនឲ្យតម្លៃចំពោះជនទាំងឡាយណា ដែលមានចរិតខ្វះគុណធម៌ និងសីលធម៌ ចូលចិត្តចោទប្រកាន់ និងលាបពណ៌អ្នកដទៃជា “ជនភ្លីភ្លើ ថោកទាប និងក្បត់” ព្រោះចរិតបែបនេះមិនមានចែងក្នុងគុណសម្បត្តិ នៃភាពជាអ្នកដឹកនាំឡើយ”។
តាមលោក មុត ចន្ថា ពាក្យ “ក្បត់” ពុំមានកន្លែងជ្រកក្នុងសង្គមប្រជាធិបតេយ្យឡើយ ផ្ទុយទៅវិញ បើសិនជាគេអស់ចិត្តជាមួយយើងហើយ យើងគួរជូនពរដល់ពួកគេឲ្យទទួលបាននូវជោគជ័យថ្មី សម្រាប់ការស្វែងរកអនាគតថ្មី។ ចរិតរបស់មេដឹកនាំបែបនេះ នឹងរក្សាបាននូវសមានចិត្ត និងការគោរពស្រឡាញ់មិនចេះរីងស្ងួន ហើយក៏កាត់បន្ថយសត្រូវបានច្រើនផងដែរ។
សូមបញ្ជាក់ថា លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញបានបង្ហាញពីការឈឺចាប់ចំពោះអ្វី ដែលថ្នាក់ដឹកនាំរបស់ខ្លួនផ្តល់ឲ្យ ក្រោយពីការខិតខំចំណាយពេលវេលារយៈពេល២០,៣០ឆ្នាំ គឺទទួលបានពាក្យមួយមាត់ ជាជនក្បត់ជាតិ ក្បត់បក្ស ហើយការលាបពណ៌បែបនេះ វាជាការបន្តការឈឺចាប់ និងបង្កការបែកបាក់នៅក្នុងសង្គម។ លោកបញ្ជាក់ថា “កន្លងមកអ្នកចូលរួមជាមួយគណបក្សប្រឆាំង២០, ៣០ឆ្នាំ ចំណាយទាំងថវិកា ទាំងពេលវេលា ពីក្រុមគ្រួសារ ដល់ពេលសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានពាក្យមួយមាត់គត់ គឺក្បត់ជាតិ ក្បត់បក្ស ក្បត់រាស្ត្រ អត់អគុណអ្វីដែលគ្នាបានខំធ្វើ២០,៣០ឆ្នាំ ហើយគ្នាអត់ដែលបានអីទេ យើងយល់ហើយ អ្នកនៅក្នុងបក្សប្រឆាំងពិបាកណាស់ អត់ស្រួលទេ តែយើងធ្វើនេះ ដើម្បីលទ្ធិប្រជាធិបតេយ្យ៕
Source: Kampuchea Thmey Daily
0 Comments