Ad Code

លោក ​Erdogan ចោទប្រកាន់​អាមេរិក​ និង​អឺរ៉ុប​ថា “​ជ្រៀតជ្រែក​” បន្ទាប់ពី​ការបោះឆ្នោត​ទួរគី



លោក​ប្រធានាធិបតី Recep Tayyip Erdogan កាលពី​ថ្ងៃ​សុក្រ​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​ថា ​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ប្រទេស​ទួរគី ​បន្ទាប់ពី​មាន​សេចក្តីថ្លែងការណ៍​ពី​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ ក្រោយ​ការជំទាស់​របស់​គណបក្ស​កាន់អំណាច​របស់​លោក​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​មូលដ្ឋាន។

លោក Erdogan និង​គណបក្ស AKP របស់លោក​បានទទួល​រង​នូវ​ការខកចិត្ត​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មុន​នៅពេលដែល​លទ្ធផល​បាន​បង្ហាញថា គណបក្ស​នេះ​បាន​ចាញ់​ក្នុង​រដ្ឋធានី​អង់កា​រ៉ា​ហើយ​ចាញ់​ទាំង​ប្រផិតប្រផើយ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​។​

ខណៈដែល​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​ប្រទេស​ទួរគី​ទទួលយក​លទ្ធផល​នោះ សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​ទីក្រុង​អង់កា​រ៉ា​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាប់ឆ្នោត​អនុវត្ត​អាណត្តិ​របស់ខ្លួន​ដោយ​សេរី​។​

ប៉ុន្តែ​លោក Erdogan បាន​ច្រានចោល​ការកត់សម្គាល់​នេះហើយ​បាន​ប្រាប់​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​ឲ្យ​ដឹង​ពី​ទីកន្លែង​របស់​ពួកគេ​។​

លោក Erdogan បាន​និយាយ​នៅក្នុង​សុន្ទរកថា​ផ្ទាល់​របស់លោក​ជា​លើកដំបូង​ទៅកាន់​អ្នកសារព័ត៌មាន​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ថា “​អាមេរិក​និង​អឺរ៉ុប​កំពុងតែ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ទួរគី​”​។ លោក​បន្ថែមថា “​ទួរគី​បានផ្តល់​មេរៀន​ប្រជាធិបតេយ្យ​ដល់​ពិភពលោក​ទាំងមូល​”​។​

អំឡុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Robert Palladino បាន​និយាយថា ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​គឺមាន​សារៈសំខាន់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ហើយ​នេះ​មានន័យថា ការទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ស្របច្បាប់​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​។​

ចំណែក​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​លោកស្រី Maja Kocijancic កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ក្រុង​ប្រ៊ូ​ស​សែ​ល​រំពឹងថា អ្នកតំណាង​ក្នុង​មូលដ្ឋាន​ដែល​ជាប់ឆ្នោត​នឹង​អាចអនុវត្ត​អាណត្តិ​របស់ខ្លួន​ដោយ​សេរី​និង​ស្របតាម​គោលការណ៍​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​។​

បេក្ខជន​ជា​គូប្រជែង​ពីររូប​សម្រាប់​តំណែង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​សុទ្ធតែ​បានប្រកាស​ជ័យជម្នះ​ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​នៅពេលដែល​លទ្ធផល​បឋម​បាន​បង្ហាញថា ពួកគេ​កំពុង​ប្រកៀក​ប្រកិត​គ្នា​។ គណបក្ស AKP បានដាក់​ពាក្យបណ្តឹង​បន្ទាប់ពី​អាជ្ញាធរ​បោះឆ្នោត​និយាយ​នាពេល​ក្រោយ​ថា លោក Ekrem Imamoglu នៃ​គណបក្សប្រឆាំង​បាន​នាំមុខ​បន្តិចបន្តួច​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu