រតនគិរី ៖ បុរសជនជាតិទំពួនម្នាក់ ក្រោយពីបានផឹកស៊ីស្រវឹងទាស់ពាក្យសំដីគ្នា បានយកកាំបិតកាប់ទៅលើបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ករណីកាប់សម្លាប់គ្នានេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ។
មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះមុខ គិច អាយុ៤៧ឆ្នាំ ជនជាតិទំពួន។ រីឯជនបង្កឈ្មោះ ញ៉េន ថន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន អ្នកទាំង២នាក់មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុ អ្នកទាំង២បានផឹកស៊ីស្រវឹង ក្រោយមកក៏ទាស់ពាក្យសំដីនឹងគ្នា ជនបង្កបានយកកាំបិតកាប់ទៅលើជនរងគ្រោះចំបំពង.កបណ្តាលឲ្យហូរឈាមស្រោចពេញផ្លូវស្លាប់មួយរំពេច។
លោកថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអធិការនគរបាលស្រុកអូរជុំ និងកម្លាំងប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ជនបង្ក នាំយកមកអធិការដ្ឋាននគរបាលស្រុកអូរជុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments