ស្ទឹងត្រែង ៖ នៅក្នុងរដូវក្ដៅក្នុងពេលអាកាសធាតុមានការប្រែប្រួល និងឡើងកម្ដៅផង ស្រាប់តែនៅល្ងាចថ្ងៃចូលឆ្នាំដំបូង មានព្យុះភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បង្កអោយផ្ទះប្រជាពលរដ្ឋប្រមាណជាង៥០ខ្នងរបើកដំបូល និងខ្លះដួលរលំ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៥៤នាទីយប់ថ្ងៃទី១៤ ខែមេសាឆ្នាំ២០១៩នៅក្នុងស្រុកសៀមប៉ាង។
លោកវរសេនីយ៍ត្រី ជឹម អេន អធិការស្រុកសៀមប៉ាងបញ្ជាក់នៅព្រឹកថ្ងៃទី១៥នេះថា ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នេះ មាននៅឃុំថ្មកែវ -ឃុំសេកុង និងឃុំព្រែកមាស ខ្លះរលំខូចទាំងស្រុង ប៉ើងដំបូល ឈើដួលរលំសង្កត់ផ្ទះ រលំផ្ទះធ្លាក់ពីលើជើងតាំង និងអាគាររដ្ឋមួយចំនួនរងផលប៉ះពាល់ផងដែរ។
លោកអធិការបន្តថា ៖ ក្នុងនោះផលប៉ះពាល់បង្កឱ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំថ្មកែវ១៧ខ្នង ឃុំសេកុង២៣ខ្នង និងឃុំព្រែកមាស១២ខ្នង សរុបចំនួន៥២ខ្នង រួមមានសាលារៀន មន្ទីរបក្ស សាលាស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួយចំនួនទៀត។
លោកផាន់ យុទ្ទ អភិបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ ផលប៉ះពាល់នេះ លោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះជួយរុះរើផ្ទះ ដែលបាក់បែក ហើយក្នុងករណីអាចជួសជុលបាន យើងសហការគ្នាជួយជួសជុលជូនគាត់វិញ។
លោកបន្តថា ៖ ករណីនេះ អាជ្ញាធរសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយយថាហេតុនៅពេលមានគ្រោះធម្មជាតិកើតឡើង។
សូមបញ្ជាក់ថា ៖ ស្រុកសៀមប៉ាងក្នុងដើមឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់លាយឡំភ្លៀង ផ្គររន្ទះចំនួន៣លើកហើយ ដោយរាប់បញ្ចូលទាំងលើកនេះផង៕
Source: Kampuchea Thmey Daily
0 Comments