រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពីក្រោយ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យបុរសម្នាក់បោកក្បាលនឹងផ្លូវថ្នល់ស្លាប់មួយរំពេច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ៥៣៤-៥៣៣ ចំណុចមុខផ្ទះលោកហេង ចាន់ថន ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
អធិការរងទទួលផែនសណ្តាប់ធ្នាប់សាធារណ:លោក ពុធ សាវី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញៀន សុផាត ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី រងរបួសធ្ងន់បែកក្បាល (ស្លាប់) ក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ហើយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកគុប(ស៊េរីចាស់) អត់ស្លាកលេខ។
លោកអធិការរងបានបន្តថា អ្នកបើកបរម៉ូតូឈ្មោះ ចិន សារឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសស្រាល ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1Q-0704។
លោកថា ម៉ូតូជនរងគ្រោះជិះនៅពីមុខ ខណៈពេលនោះជនរងគ្រោះបានបត់ចេញបន្តិច ស្រាប់តែម៉ូតូមួយគ្រឿងជិះមកពីក្រោយយ៉ាងលឿន ក៏បានបុកយ៉ាងពេញទំហឹងចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យជនរងគ្រោះផ្លោង ហើយបោកក្បាលទៅនឹងផ្លូវថ្នល់ហូរឈាមពេញផ្លូវថ្នល់។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញ បានចុះមកវាស់វែងនៅកន្លែងកើតហេតុ និងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការស្រុកកូនមុំ រង់ចាំធ្វើការសម្របសម្រួលគ្នា ក្រោយចូលឆ្នាំខ្មែរហើយ ចេញថ្លៃធ្វើបុណ្យទៅឲ្យជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដើម្បីបញ្ចប់រឿង។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments