បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានអ្នកដំណើរម្នាក់ និង ៣នាក់ទៀតរងរបួសធ្ងន់ ខណៈដែលអ្នកបើកបររថយន្តក្រុង មានការបើកបរធ្វេសប្រហែស ឬក៏អាចថា មានការងងុយដេក ទើបបណ្តាលឲ្យបុករថយន្តមួយគ្រឿងទៀតចំពីក្រោយ និងរួញក្បាលរថយន្តទាំងយប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លើកំណត់ផ្លូវជាតិលេខ៥ ក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
របាយការណ៍បានបន្តថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះនោះ ជារបស់ក្រុមហ៊ុន B P A បូព៌ាអាស៊ី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣B ៣៦១៥ ដែលបានធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅពីបាត់ដំបង ទៅភ្នំពេញ លុះដល់ត្រង់ចំណុចខាងលើ បានបុករថយន្តធុនធ្ងន់មួយគ្រឿងទៀតពីក្រោយ បណ្តាលឲ្យរថយន្តក្រុងនេះ ខូចខាតកាប៊ីនយ៉ាងដំណំ។
ភ្លាមៗនោះដែរ អ្នកបើករបរបានរត់គេចខ្លួនបាត់ស្រមោលទាំងយប់ រីឯរថយន្តដែលនៅខាងមុខក៏បានបើករត់ដូចគ្នា ដោយបន្សល់នៅតែរថយន្តក្រុង និងអ្នកដំណើរព្រោងព្រាត និងមានមនុស្សស្លាប់ម្នាក់ និង របួស៣នាក់ នៅនឹងទ្រូងថ្នល់។
ក្រោយពេលសាកសួរទើបដឹងថា ជនរងគ្រោះទាំងនោះមាន ១.ឈ្មោះ ពុន ពឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ រស់ខេត្តពោធិ៍សាត់(ស្លាប់)។ ២.ឈ្មោះ វន ស្រីមិន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួស (ធ្ងន់)។ ៣.ឈ្មោះ សុខ សុភក្តិ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសធ្ងន់(បាក់ជើង) និង ៤.ឈ្មោះ នៅ ម៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅខេត្តពោធិ៍សាត់ របួសស្រាល ។
បច្ចុប្បន្ន សព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ឯអ្នករបួស ក៏បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និង រថយន្តយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមោងឬស្សីជាបណ្ដោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments