Ad Code

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា រៀបចំ​ពិធី​សូត្រមន្ត​លើករាសី ក្នុងឱកាស​ឆ្នាំ​ថ្មី​



ភ្នំពេញ​ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ បានរៀបចំ​រៀបចំ​ពិធី​សូត្រមន្ត​លើករាសី ក្នុងឱកាស​ឆ្នាំ​ថ្មី ដែល​ពិធី​នៅ​រៀបចំ​នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​យ៉ាងច្រើន​។​

ពិធី​កិច្ច​សូត្រមន្ត ចំរើន​ព្រះ​បរិត្ត និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដោយមាន​ការ​សម្តែង​នូវ​របាំ​ជូនពរ និង​របាំ​ត្រុដិ ដើម្បី​បណ្តេញ​នូវ​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់ ហើយ​នាំមក​នូវ​សិរី​សួស្តី គ្រប់ប្រការ​ជូន​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ក្រសួង ឲ្យ​មាន​សុខភាព ល្អ​បរិបូរណ៍ អាយុ​យឺនយូរ ប្រាជ្ញា ឈ្លាសវៃ ដើម្បី​បាន​បន្ត​ធ្វើ​កិច្ច​ការ​ជូន​រាជរដ្ឋាភិបាល​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ទុកជា​គុណ​ ប្រយោជន៍​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​តទៅ។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​សក្ដិសិទ្ធិ ទាំងឡាយ​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​ទេវតា​ថែរក្សា​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ព្រះនាម​ទុង្សទេវី តាម​ជួយ​អភិបាល ប្រោះព្រំ​សាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល និង​មន្ត្រីរាជការ​ទាំងអស់ បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ និង​ទទួល​បាន​នូវ​សិរី​សួស្តី ជ័យ​មង្គល អាយុ​យឺនយូរ សុខ​ភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន សេចក្តីសុខ​ចំរើន និង​សុភមង្គល​កុំបី​ឃ្លាត​ឡើយ។

តាម​ប្រវត្តិ​របាំ​ត្រុដិ ជា​របាំ​ប្រជាប្រិយ ដ៏​ពេញនិយម​ក្នុង​ស្រទាប់​ប្រជាជន​ខ្មែរ​យូរលង់​ណាស់​មកហើយ​។ ប្រជាជន​ខ្មែរ​តែង​លើកយក​របាំ​ដ៏​ចំណាស់​មួយ​នេះ​មក​សម្ដែង​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី ដើម្បី​បណ្ដេញ​គ្រោះ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ ដើម្បី​ជំនួស​មកវិញ​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកបដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី​។ របាំ​ត្រុដិ​ទាក់ទាញ​ណាស់​ដោយសារ​មាន​សាច់រឿង​ប្រទាក់​គ្នា​បង្កប់​ដោយ​អត្ថន័យ​គួរ​ឲ្យ​ជក់ចិត្ត មាន​ទាំង​តួអង្គ​ព្រាយ​បិសាច ព្រាន យក្ស តាម​ប្រមាញ់​ម្រឹគ និង​មាន​ទាំង​តួអង្គ​ក្ងោក​សួគ៌ អម​ដោយ​តន្ត្រីបុរាណ និង​ចម្រៀង​រៀបរាប់​ដំណើរ​ដើមទង​យ៉ាង​ពីរោះ​រណ្ដំ។

ឯកសារ​ស្ដីពី​របាំ​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់ ព្រមទាំង​សមាជិក​ឆ្លើយឆ្លង​គ្រប់​ខេត្ត ដែល​រៀបរៀង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ ព​.​ស​២៥០៧ គ​.​ស ១៩៦៤ បាន​សរសេរ​ថា របាំ​ត្រុដិ​នេះ​មានតែ​ក្នុង​ខេត្តសៀមរាប និង​តំបន់​ខ្លះ​នៃ​ខេត្ត​បាត់ដំបង ត្រង់​ភូមិភាគ​ណា ដែល​នៅជាប់​នឹង​ខេត្តសៀមរាប​ប៉ុណ្ណោះ​។ របាំ​នេះ មាន​លេង​តែ​នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ ក្នុង​គោលបំណង​ដើម្បី​ប្រសិទ្ធិ​នូវ​សព្ទសាធុការពរ​ជូន​ដល់​អ្នកស្រុក ក្នុងឱកាស​ឆ្នាំ​ថ្មី​។ ឯកសារ​ដដែល​ថា ពាក្យ “​ត្រុដិ​” ជា​ពាក្យ​ដើម​មកពី​ភាសា សំស្ក្រឹត​ប្រែ​ថា ផ្ដាច់ ឬ​កាត់ផ្ដាច់ គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ ឬ​ការផ្ដាច់​ឆ្នាំ​ចាស់​ចូលទៅ​ឆ្នាំ​ថ្មី ប៉ុន្តែ​បើតាម​ទម្លាប់​របស់​អ្នកស្រុក​ខ្លះ គេ​មាន​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​នៅ​គ្រា​ស្រុកទេស មានការ​រាំងស្ងួត​ជាច្រើន​ថ្ងៃខែ​ម្ដងៗ​។​

ផ្អែកលើ​ឯកសារ នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ដដែល បានលើកឡើង​ទៀតថា ប្រវត្តិ និង​ដើមកំណើត នៃ​របាំ​ត្រុដិ គឺមាន​ប្រភព​ច្រើន ក្នុងនោះ​មាន​ប្រភព​បែប​រឿងនិទាន ប្រភព​បែប​ជំនឿ​អ្នកស្រុក និង​ប្រភព​អ្នកស្រាវជ្រាវ ។ ប៉ុន្តែ​បើ​ផ្អែកលើ​ឯកសារ​ខ្លះ​ទៀតថា របាំ​ត្រុដិ​មាន​ប្រវត្តិ​ចេញពី​ជនជាតិដើម​ភាគតិច​សំ​រ៉ែ តាំងពី​យូរយារ​ណាស់​មកហើយ​។ វា​ជា​មរតក​បន្ត​ពី​ជំពូក​ជនជាតិដើម​ភាគតិច​មួយ​នេះ និង​ជា​ចំណែក​មួយ នៃ​អារ្យធម៌​អំបូរ​អូស្ត្រូអាស៊ី​យាង ដែល​បានចាប់កំណើត​នៅ​ដែនដី​ប្រទេស​កម្ពុជា តាំងពី​បុរាណកាល​រាប់ពាន់​ឆ្នាំមុន​។ ប្រពៃណី​វប្បធម៌​ដ៏​យូរលង់ ក៏​នៅ​បន្ត​រហូតដល់​សង្គម​សម័យ​នាបច្ចុប្បន្ន របាំ​ត្រុដិ តែង​ទទួល​ការពេញនិយម​សម្ដែង​ក្នុង​កម្មវិធី​នានា មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូលមក​ដល់​។ ដូច្នេះ​ការលេង​របាំ​ត្រុដិ គឺ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​នាំមក​នូវ​ភាពសម្បូរ​សប្បាយ​ប្រកបដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី​។​

ជាទូទៅ​ការសម្តែង​របាំ​ត្រុដិ​នេះ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ប៉ុន្តែ​ក៏មាន​មុនពេល​ចូលឆ្នាំ និង​អំឡុងពេល​ចូលឆ្នាំ​ដែរ​។ ពេលដែល​សម្តែង​ចប់​ម្តងៗ ក្រុម​របាំ​ត្រូវ​ច្រៀង​ជម្រាបលា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ ក៏បាន​យក​ទឹក​មក​ប្រោះព្រំ​ជូនពរ​ដល់​ក្រុម​របាំ​ទាំងអស់នោះ​វិញ​ដែរ​។ ពុំ​នោះទេ គេ​មានជំនឿថា​ក្នុង​ឆ្នាំ​ខាងមុខ​អ្នកនោះ​ នឹងមិន​ទទួលបាន​សិរី​សួស្តី​ឡើយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu