Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចាត់​វិធាន​ការ​បន្ទាន់ ចំពោះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ផ្ទុះឡើង​នៅ​ភូមិ​សោម​កា​និ​ញ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី



ភ្នំពេញ ​៖ ក្រោយពី ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​នៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដែល​ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ត្រូវ​ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជាបន្ទាន់។



យោងតាម​ចេញប្រកាស​ពី ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក របស់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាសពី​ថ្ងៃទី​២ មេសា​ឆ្នាំ​២០១៩ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​បញ្ជា​ឲ្យ អគ្គនាយកដ្ឋាន សុខភាព និង​ផលិត កម្ម​សត្វ ត្រូវ ចាត់វិធានការ បសុព្យាបាល ជាបន្ទាន់​នៅ​តំបន់ ផ្ទុះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក។ មន្ត្រី​ជំនាញ ត្រូវ​ចុះ ត្រូវ​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធាន​បសុព្យាបាល។ ផ្អាក​លើ​ការទិញ ការ​លក់​និង​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក​និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ជ្រូក​គ្រប់​ប្រភេទ​ចូល ចេញ ឬ ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រវែង​៣​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​និង​ដាក់​តំបន់​នេះ ជា​តំបន់​ត្រួតពិនិត្យ​និង​តាមដាន។ មន្ត្រី​ជំនាញ ត្រូវ សិក្សា ស្រាវជ្រាវ ប្រភព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ជ្រូក​ជាប្រចាំ​ក្នុង​រង្វង់​ដែល​មាន​កាំ​ប្រវែង​១០​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ។

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​មានប្រសាសន៍ថា ជំងឺ​នេះ ពិតជា​បាន​ផ្ទុះឡើង​នៅ​ខេត្តរតនគិរី​មែន គឺ​ស្ថិតនៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ដែល​ករណីនេះ ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២២ ខែមីនា​ម្ល៉េះ តែ​ពលរដ្ឋ​មិនបាន​ចាប់អារម្មណ៍​ថា​ ជា​ជំងឺប៉េស្ត​អាហ្វ្រិក​នោះ​ទេ។



លោក​បញ្ជាក់​ថា «​មុនដំបូង​ជ្រូក​របស់​អ្នកភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ចាប់ផ្ដើម​ងាប់​ម្ដង​មួយៗ តែ​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច ដែល​និយម​ចិញ្ចឹម​ជ្រូក​កណ្តុរ​ដើរ​ស៊ី​តាម​ព្រៃ​គិតថា ជា​ជំងឺ​ជ្រូក​ធម្មតា ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំងពេក តែ​នៅ​ពេល​ដែល​ជ្រូក​នៅតែ​ងាប់​ជា​បន្តបន្ទាប់ មន្ត្រី​ប្រចាំ​នៅ​ខេត្ត​នោះ​ក៏បាន​យក​សាច់ជ្រូក​មក​ពិ​និត្យនៅ​ថ្ងៃទី​២៨ ខែមីនា ហើយ​ជា​លទ្ធផល​បាន​រកឃើញថា​ ជ្រូក​ដែល​ងាប់​នៅ​តំបន់​នោះ គឺ​ផ្ទុក​ជំងឺប៉េស្ត​អាហ្វ្រិក​»​។

​លោក​អគ្គនាយក​បន្ត​ទៀត​ថា បន្ទាប់ពី​បានដឹង​ពី​ករណី​នេះ​ហើយ រូបលោក​ផ្ទាល់ និង​មន្ត្រី​ជាច្រើន​ក្រុម​ទៀត បាន​ទៅដល់​ទីនោះ​ផ្ទាល់ ហើយ​សុំ​ចរចា​ជាមួយ​ពលរដ្ឋ​ក្នុងការ​ទិញ​យក​ជ្រូក ដែល​ពួកគាត់​ចិញ្ចឹម​ដើម្បី​យក​ទៅ​កម្ទេច​ចោល។ រហូតមកដល់​ពេលនេះ ក្រុមការងារ​បាន​កម្ទេច​ជ្រូក​ចោល​ជាង​៤០០​ក្បាល​ហើយ នៅសល់​ជាង​១០០​ក្បាល​ទៀត ត្រូវ​កម្ទេច​ចោល​នៅ​ថ្ងៃទី​៤ មេសា ហើយ​សង្ឃឹមថា ជំងឺ​នេះ​នឹងត្រូវ​កម្ទេច​ចោល​អស់​នៅថ្ងៃនេះ​ផងដែរ។

លោក​អគ្គនាយក​បន្ថែម​ថា ជា​ជំហាន​ដំបូង លោក​សន្និដ្ឋាន​ថា ជំងឺ​នេះ​ឆ្លង​មកដល់​ជ្រូក​ក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ការ​ចល័ត​ដឹក​បន្លែ និង​សាច់​របស់​អាជីវករ​វៀត​ណា​ម ចូលមក​លក់​នៅក្នុង​ទឹកដី​កម្ពុជា ពីព្រោះ​តំបន់​នោះ មិនមែន​ជា​តំបន់​មាន​ច្រក​នាំចូល​នោះទេ។ ច្រក​នាំចូល​សំខាន់ៗ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា មានតែ​៣​ទេ​គឺ នៅ​ខេត្តតាកែវ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ដោយឡែក​ច្រក​ផ្សេងទៀត គ្រាន់តែ​ជា​ច្រក​ដែល​អាជីវករ​ចេញចូល​លក់​បន្លែ​និង​សាច់​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ក្នុង​ករណី​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់ចុះ ខណៈ​បច្ចុប្បន្ន​តម្លៃ​ជ្រូក​កម្ពុ​ជា​មាន​ហាងឆេង​ខ្ពស់ គួរ​ជាទី​ពេញចិត្ត​ពី​កសិករ និង​អ្នក​ចិញ្ចឹម​ទៅហើយ។ លោក​ថា «​ពេលនេះ តម្លៃ​ជ្រូក​ក្នុងស្រុក​យើង ស្ថិត​នៅ​ក្នុង​រង្វង់​ប្រមាណ​ជាង​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ជា​តម្លៃ​មួយ​ខ្ពស់​និង​កម្រ​មាននៅ​ក្នុងប្រទេស​កម្ពុជា​»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu