ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា លើកំណាត់ផ្លូវក្រាលក្រួសក្រហម បានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់។
សមត្ថកិច្ចចរាចរណ៍ស្រុកបានឲ្យដឹងថា រថយន្តម៉ាកហាយឡេនដឺ ពាក់ស្លាកលេខ សៀមរាប 2B.6242 ពណ៌ស បើកបរពីត្បូងទៅជើង ហើយអ្នកបើកបររថយន្ត ឈ្មោះស៊ឺ សីលា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ រីឯម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1O.0935 ជិះគ្នា ០៣នាក់ គ្មានពាក់មួកសុវត្ថិភាព បើកបរពីជើងទៅត្បូង។
អ្នកបើកបរម៉ូតូ ឈ្មោះឆាយ ឈឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសំរោង ឃុំលាំងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប (រងរបួសបាក់ជើងឆ្វេង និងរួមដំណើរ ០២នាក់ទៀត ១.ឈ្មោះ តែម យ៉ន ភេទ ស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសបាក់ជើងឆ្វេង)។ ២.ឈ្មោះ ឈឿន វាសនា ភេទ ប្រុស អាយុ ០៧ ឆ្នាំ (រងរបួសបាក់ជើងឆ្វេងដូចគ្នា)។
សមត្ថកិច្ចបានបន្តថា ស្ថានភាព ផ្លូវត្រង់រថយន្ត (ខូចស្រាល) ម៉ូតូ (ខូចមធ្យម)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ៖ បណ្តាលមកពីបែកកង់រថយន្តផ្នែកខាងក្រោយ កង់ខាងស្តាំ បណ្តាលអោយរេចង្កូតទៅបុកជាមួយនឹងម៉ូតូ ដែលបើកបរបញ្ច្រាសទិសគ្នាតែម្តង។
ភ្លាមៗនោះ សមត្ថកិច្ច បានចុះទៅដល់ធ្វើការវាស់វែងនៅកន្លែងកើតហេតុ។ ចំណែកវត្ថុតាងទាំងពីរ កម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
Source: Kampuchea Thmey Daily
0 Comments