Ad Code

ជន​ជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​ ត្រូវបាន​ឃាត់ខ្លួន ​ករណី​បន្លំ​លួច​លុយ​៣៤០​ដុល្លារ ​រួច​ប្រុង​គេចខ្លួន​



​សៀមរាប ​៖​ ជនសង្ស័យ​ជាជន​ជាតិ​ប៉ាគីស្ថានម្នាក់​ និង​បក្ខពួក ​បាននាំគ្នា​ទៅ​ចូល​ហាង ARAMARU F&B ក្នុង​បុរី​អាក់​ខេ​ត ហើយ​បាន​បន្លំ​លួច​លុយ​៣៤០​ដុល្លារ​រួច​គេចខ្លួនបាត់​។ ​តែ​ត្រូវ​ជនរងគ្រោះ​ប្តឹង​ទៅ​នគរបាល​ឲ្យ​ឃាត់ខ្លួន​បាន​ម្នាក់​។ ​ចំណែក​ម្នាក់ទៀត​ កំពុង​ស្វែងរក​។​

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​ ថ្ងៃទី​០៤ ខែ​មេសា ​ឆ្នាំ ២០១៩​ នៅ​ផ្លូវ​សុខសាន្ត ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប​។​

លោក​ឧត្ដមសេនីយ៍​ត្រី ជា គឹម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា ការងារ​នេះ ​លោក​បាន​ចាត់ចែង​ឲ្យ​ លោក​វរសេនីយ៍ឯក តូច សុគន្ធ​ នាយ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ជា​អ្នករៀបចំ​នីតិវិធី​។​

លោក​បន្តថា ប្រតិបត្តិការ​នេះ នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​។ ​ជនសង្ស័យ ​ឈ្មោះ ASLAM AMJAD ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ប៉ា​គី​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ UT១៨១៦១៥១ ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ទេសចរណ៍ ផុត​សុពលភាព​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩ ស្នាក់នៅ​ផ្ទះសំណាក់ អង្គរ ហូ​ស្តែ​ល ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប​។

លោក​បន្តថា កាលពី​វេលា​ម៉ោង​ប្រហែល​១៥​និង​២០​នាទី​ ថ្ងៃទី​០២ ខែ​មេសា ​ឆ្នាំ​២០១៩ ជនសង្ស័យ​និង​បក្ខពួក​ម្នាក់ទៀត ​បាននាំគ្នា​ទៅ​ហាង ARAMARU F&B ស្ថិតនៅ​បុរី​អាក់​ខេ​ត ភូមិ​គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ​ជនរងគ្រោះ​(​ជា​ជនជាតិ​កូរ៉េ​) ​អស់​ចំនួន ៣៤០ដុល្លារ រួច​នាំគ្នា​គេចខ្លួនបាត់​។​ រហូតដល់​វេលា​ម៉ោង​ប្រហែល​២០​និង​០០​នាទី​ ថ្ងៃទី​០៤​មេសា​ជនរងគ្រោះ​ បាន​ជួប​ជនសង្ស័យ​នៅ​ម្តុំ​ផ្លូវ​សុខសាន្ត ភូមិ ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ និង​នាំខ្លួន​មក​សាកសួរ​តែម្តង​។

​បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវបាន ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​ដើម្បី​បន្ត​ការសាកសួរ​និង​រៀបចំ​កសាង​សំណុំរឿង​។​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦មេសា​នេះ នគរបាល​ជំនាញ ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់នេះ ​មកកាន់​តុលាការ​ចាត់ការ​បន្ត​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu