Ad Code

លោកជា​ ពិសី ៖ យើង​ត្រូវ​ពង្រឹង​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​



ភ្នំពេញ ៖​ ក្នុង​ពិធី​សូត្រមន្ត ស្វាធ្យាយ​ជ័យន្តោ ប្រោះព្រំ សុំ​សេចក្ដី​សុខ​ចម្រើន កើតមាន​ដល់​មន្ត្រី​ខណ្ឌ​ឫស្សីកែវ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ជិត​ឈានចូល​មក​ដល់​ក្នុង​នា​ពេល​ខាងមុខនេះ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទូទាំង​ខណ្ឌ ត្រូវបំពេញ​កាតព្វកិច្ច​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង​ជា យថាហេតុ។

លោក ជា ពិសី បាន​បញ្ជាក់​ថា ការសប្បាយ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស​ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេលខាងមុខ គឺ​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​ទាំងអស់​នៅក្នុង​ខណ្ឌ ត្រូវការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ពួកគាត់ ដែលជា​កាតព្វកិច្ច​ចាំបាច់​ក្នុង​ការ​អនុវត្ត។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវគោរព​ច្បាប់​ចរាចរណ៍​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ហើយ​មិនត្រូវ​នាំគ្នា​លេងល្បែង​គប់​ទឹក​ដាក់គ្នា ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាយ​ថាហេតុ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។

ជាមួយ​នេះ​ដែរ​ សូម​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ផ្សែង ទៀន ធូប អុជ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ក្នុង​ឱកាស​បុណ្យ​ថ្មី​ឱ្យ​ជៀសវាង​បានការ​បង្ក​គ្រោះ​អគ្គិភ័យ​កើត​ឡើង។

លោក ជា ពិសី បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ខិតខំ​បំពេញ​តួនាទី​ជា​អ្នក​បម្រើ​រាស្ត្រ​ឲ្យ​បាន​តាម​ការណែនាំ​របស់​ថ្នាក់​ជាតិ លើ​សេវា​សាធារណៈ​គ្រប់​ប្រភេទ ​ត្រូវ​អនុវត្ត​តាម​តារាង​កំណត់ ធ្វើ​ឲ្យ​បាន​លឿន ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​អាច​ទទួល​យក​បាន ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត និង​ភាព​ស្និទ្ធស្នាល​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ។

លោក​ ជា​ ពិសី​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ បន្ទាប់ពី​ធ្វើ​កិច្ច​មនសិការ​ព្រះ​រតនត្រ័យ​ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩ ដែល​ លោក ជា ពិសី និង ភរិយា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង សាសនា ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ បាន​អញ្ជើញ​វេរ​ប្រគេន​ទេយ្យវត្ថុ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​បួងសួង​ដល់ វិញ្ញាណក្ខន្ធ​បុព្វការីជន​បាន​បាត់បង់​ជីវិត និង វីរៈ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​បូជា​អាយុជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ឲ្យ​មក​ទទួល​នូវ​កុសលផល​បុណ្យ និង​បាន​ទៅកាន់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​បួង​សួង​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​សក្ដិសិទ្ធិ​ទាំងឡាយ ប្រទាន​ពរជ័យ សិរី​សួស្ដី បវរ​មហា​ប្រសើរ សិរី​មង្គល វិបុល​សុខ គ្រប់ប្រការ ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់​ទាំង​អស់ ទទួលបាន​នូវ​សេចក្ដី​សុខ​ចម្រើន​គ្រប់ប្រការ និង សុខភាព​ល្អ កម្លាំងកាយ​មាំមួន ដើម្បី​បន្ត​បំពេញការងារ​ឲ្យ​​ទទួល​បាន​ជោគជ័យ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ប្រទេសជាតិ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu