កំពង់ឆ្នាំង ៖ បុណ្យភូមិ ជាពិធីបុណ្យមួយបង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីសិល្បៈ វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយខ្មែរ ដើម្បីអោយយុវជនជំនាន់ក្រោយជួយអភិរក្ស និងថែរក្សាអោយបានគង់វង្សទុកជូនក្មេងជំនាន់ក្រោយបន្តវេន។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ក្នុងពិធីបើកបុណ្យភូមិ នៅវត្តក្តីត្នោត ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងដោយមានការចូលរួម ពីលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី យុវជន យុវនារី និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
លោក អម សុភា បានបន្តថា ៖ យុវជន យុវនារី និងប្រជាពលរដ្ឋដែលចូលរួមកម្សាន្តបុណ្យភូមិត្រូវចេះអត់ឱនអោយគ្នាទៅវិញទៅមក បើសិនក្នុងករណីមានការលើសលស់គ្នាក្នុងប្រការណាមួយដោយចៃដន្យ ព្រោះការចូលរួមក្នុងកម្មវិធីបុណ្យនេះ គឺដើម្បីរួមគ្នាថែរក្សាល្បែងប្រជាប្រិយ ប្រពៃណីខ្មែរ និងថែរក្សាសាមគ្គីភាពរបស់យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ជាតិ ដែលជាអ្នកបន្តវេន និងជាអ្នកអភិរក្សវប្បធម៌កុំអោយបាត់បង ដូចសុភាសិតមួយឃ្លា លើកឡើងថា វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជំរុញដល់សមត្ថកិច្ចត្រូវធានានិងរក្សាសន្តិសុខអោយបានល្អជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តអោយទទួលបានជោគជ័យក្នុងរយៈពេលបីថ្ងៃនេះ។
ដោយឡែក លោក ជិន ឬទ្ធី តំណាងក្រុមការងារស្ម័គ្រចិត្តរៀបចំបុណ្យភូមិនេះបានអោយដឹងថាៈ បុណ្យភូមិនៅវត្តក្តីត្នោតនេះមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ទើបបញ្ចប់។ បុណ្យភូមិនេះមានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំដោយក្រុមការងារស្ម័គ្រចិត្តសហការជាមួយស្ថានីយវិទ្យុម៉ាយអេហ្វអឹមខេត្តកំពង់ឆ្នាំង។ នៅក្នុងកម្មវិធីនេះ លោក អម សុភា បាននាំយកថវិការបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងចំនួន១លានរៀល ឧបត្ថម្ភក្នុងកម្មវិធីបុណ្យភូមិនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments