ភ្នំពេញ ៖ ជនដៃដល់ម្នាក់ ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឲ្យដួលអុកគូទ នៅនឹងថ្នល់ ធ្វើឲ្យភ្ញាក់ផ្អើលកក្រើកសង្គមFacebook កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្ដន្ទាទោសតាមច្បាប់នៅសាលាដំបូងរាជធានីនៅថ្ងៃនេះ ក្រោយពេលចាប់ខ្លួនបានមួយថ្ងៃរួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្កដឹងថា ជារថយន្តរបស់ក្រុមហ៊ុនមួយ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវដោយប្រើវិធានការណ៍ត្រជាក់បំផុតមុនពេលឈានដល់ការឃាត់ខ្លួននេះ។
ជាក់ស្ដែងនៅមុននេះបន្តិច ក្រុមហ៊ុន បានសហការជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។
ជនសង្ស័យមាន ឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន បានសារភាពនូវកំហុសឆ្គងដ៏ធ្ងន់ធ្ងរ ដែលរូបគេ ប្រើហិង្សាវាយទៅលើស្ត្រីរងគ្រោះដួលដាច់ផ្ងារកណ្តាលផ្លូវថ្នល់បែបនេះ។ ហិង្សានេះកើតឡើងដោយសារខឹងស្ត្រីរងគ្រោះស្រែកជេរខ្លួន។
ករណីនេះ កំពុងត្រូវបានកម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់នៅថ្ងៃទី១២មេសានេះ៕
Source: Kampuchea Thmey Daily
0 Comments