សៀមរាប ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម ។ល។)
គោលដៅចំនួនពីរកន្លែងដែលចូលមកក្នុងក្រុងសៀមរាប រួមមាន ៖
គោលដៅទី១.នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង បានឃាត់រថយន្ត ត្រួតពិនិត្យរថយន្ត និងធ្វើកំណត់ហេតុណែនាំបានចំនួន២១គ្រឿង។
គោលដៅទី២.នៅចំណុចខាងមុខវត្តចេតិយ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប បានឃាត់រថយន្ត ត្រួតពិនិត្យរថយន្ត និងធ្វើកំណត់ហេតុណែនាំចំនួន៣៨គ្រឿង ខណៈដែលរថយន្តទាំងអស់នេះ បានដឹកជញ្ជូនធនធានរ៉ែ ខុសលក្ខណៈបច្ចេកទេស ដូចជា ដឹកលើសទ្រុង , មិនបានគ្រប , ហៀរ ឬកំពប់ ជាដើម។
បន្ទាប់មក ក្រុមការងារ បានធ្វើកំណត់ហេតុ និងណែនាំឲ្យម្ចាស់រថយន្តយកត្រឡប់ទៅការដ្ឋានវិញ ដើម្បីកាយទម្លាក់ និងគ្របឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង ដែលនៅខណៈពេលនោះ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុកការងារគ្រឿងញៀន បានត្រួតពិនិត្យទឹកនោមទៅលើអ្នកបើកបររថយន្តទាំងអស់ ហើយបានរកឃើញ អ្នកបើកបររថយន្ត ចំនួន៤នាក់ មានផ្ទុកនូវសារធាតុញៀន ដូច្នេះមន្ត្រីនគរបាលជំនាញខេត្ត បានបន្តចាត់វិធានការតាមនីតិវិធីទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments