ក្រុមកាំភ្លើងធំ Arsenal បានបោះជំហានយ៉ាងវែងឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ក្រោយ២គ្រាប់របស់កីឡាករ Alexandre Lacazette និងការស៊ុតបាល់ចុងក្រោយរបស់កីឡាករ Pierre-Emerick Aubameyang បានធ្វើឲ្យពួកគេសម្រេចបានជ័យជំនះ៣-១លើក្រុម Valencia នៅការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអេស្ប៉ាញ Valencia ចាប់ផ្តើមលេងល្អ ដោយសារតែគ្រាប់បាល់ក្រៅទឹកដីរបស់កីឡាករ Mouctar Diakhaby ប៉ុន្តែកីឡាករ Lacazette បានធ្វើឲ្យប្រកួតក្រុមម្ចាស់ផ្ទះគ្រប់គ្រងស្ថានការណ៍បានឡើងវិញ ជាមួយនឹងការរកបាន២គ្រាប់ក្នុងរយៈពេល៨នាទី មុនពេលមានគ្រាប់បាល់តាមក្រោយរបស់កីឡាករ Aubameyang ធ្វើឲ្យក្រុម Arsenalមានប្រៀប២គ្រាប់មុន មុនការប្រកួតនៅក្នុងទឹកដី Mestalla នាថ្ងៃទី៩ ខែឧសភា ខាងមុខនេះ។
លោក Unai Emery គឺជាគ្រូបង្វឹករបស់ក្រុម Arsenalគឺជាអ្នកជំនាញម្នាក់នៅ Europa League ដោយសារតែលោកធ្លាប់បានឈ្នះជើងឯកមួយនេះ៣លើករួចមកហើយ ពេលដែលលោកនៅជាមួយក្រុម Sevilla ហើយការសម្រេចចិត្តរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញម្នាក់នេះ ដាក់កីឡាករ Lacazette និងកីឡាករ Aubameyang ឲ្យលេងជាមួយគ្នា ពេលប៉ះជាមួយអតីតក្រុមរបស់គាត់ បានធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ បើទោះបីជាមានបញ្ហាខ្លះៗនៅដើមការប្រកួតក៏ដោយ។
ក្រុម Arsenalចង់ឈ្នះមិនត្រឹមតែជាជើងឯកសម្រាប់រដូវកាលដំបូងរបស់លោក Emeryប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់ធានាកៅអីលេងនៅការទាត់ជម្រុះ Champions Leagueនារដូវកាលក្រោយផងដែរឬ បើសិនជាពួកគេឈ្នះជើងឯក Europa Leagueហើយនោះ៕
Source: Kampuchea Thmey Daily
0 Comments