Ad Code

តុលាការ​កោះហៅ​លោក សុខ ទូច ឲ្យ​ចូល​បំភ្លឺ​លើ​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក



ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​តុលាការ​កោះហៅ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ទាក់ទង​បណ្តឹង​របស់​ឈ្មោះ ខែម ស៊ី​ឡេង អគ្គលេខាធិការ​រង​គ​ណ​បក្ស​ខ្មែរ​ក្រោក ដែល​បាន​ប្តឹង​ពីបទ កុបកម្ម និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ នេះ​បើ​តាម​ដីកា​ចុះហត្ថលេខា​ដោយ​លោក វា សក្តា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩​។

ទាក់ទង​ការ​កោះហៅ​នេះ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាង​ថា លោក​នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​។

លោក សុខ ទូច បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Facebook យ៉ាង​ដូច្នេះ​ថា “​វា​ជា​រឿង​ចម្លែក​ក្នុង​ជីវិត​របស់ខ្ញុំ ព្រោះ​មិន​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះហៅ​ទេ តែ​ពេលនេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​តាមរយៈ​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​។ ទោះបី​ខ្ញុំ​មមាញឹក​រក​ពេល​សម្រាក​មិនបាន ក្នុង​ការ​បំពេញ​ការងារ​រាជការ ក៏​ខ្ញុំ​នឹង​ចូលខ្លួន​តាម​ការ​កោះហៅ​នេះ​”​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ គណបក្ស​ខ្មែរ​ក្រោក បាន​ប្រកាស​ប្តឹង​លោក សុខ ទូច ទាក់ទង​ការ​ធ្វើ​អត្ថាធិប្បាយ ពី​ការ​ប្រមូល​ស្នាម​មេដៃ​តវ៉ា​យក​កោះត្រល់ ដែល​បាន​បាត់បង់​ទៅ​ឲ្យ​វៀតណាម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu