ភ្នំពេញ ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លើកឡើងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកទី៧ របស់លោកស្រី រ៉ូណា ស្មីត ហើយបានជួបជាមួយថ្នាក់ដឹកនាំ ក៏ដូចជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រីបានមើលឃើញពីការវិវត្ត និងរីកចម្រើនរបស់ប្រទេសកម្ពុជា។
តាមលោក កេត សោផាន់ នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីកាលពីខែវិច្ឆិកា កន្លងមក។ ជាពិសេសក្រោយពីរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ស្ដីពីការបន្តពង្រឹងប្រជាធិបតេយ្យនយោបាយ និងលំហប្រជាធិបតេយ្យ ហើយបានឃើញពីការរីកចម្រើនយ៉ាងច្រើន បន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍នោះ ដូចជាការសម្រួលលោក កឹម សុខា បានស្ថិតនៅផ្ទះ ក្រោមការត្រួតពិនិត្យរបស់តុលាការ និងមានសកម្មជននយោបាយសកម្មជនដីធ្លី សកម្មជនការងារជាច្រើន ត្រូវបានដោះលេង ក៏ដូចជាលើកលែងទោស និងធ្វើនីតិសម្បទាឡើងវិញ ហើយក្រុមការងារមួយចំនួនត្រូវបានបង្កើតឡើង ដូចជាក្រុមការងារផ្នែកដីធ្លី ក្រុមការងារសម្រាប់សម្របសម្រួលជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលបរទេស ហើយក្នុងនោះ វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ក៏ត្រូវបានផ្ដល់ការអនុញ្ញាតឲ្យបើកការិយាល័យឡើងវិញផងដែរ គ្រាន់តែត្រូវបំពេញលក្ខខណ្ឌការងារមួយចំនួនប៉ុណ្ណោះ តែជាគោលការណ៍យើងបានផ្ដល់ជូនរួចហើយ។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរ អំពីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយក្រុមរបស់អង្គការសហប្រជាជាតិ ឬ UN Team ដែលផ្ដោតទៅលើប្រធានបទចំនួន៣ រួមមាន ការការពារសង្គម ទិន្នន័យសម្រាប់ការអភិវឌ្ឍ និងរបាយការណ៍ដោយស្ម័គ្រចិត្តទៅ UN ហើយក្នុងនោះ លោកស្រី ប៉ូលីន ដែលជាតំណាងអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានកោតសរសើរអំពីសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន និងបានជំរុញឲ្យរាជរដ្ឋាភិបាលធ្វើបទបង្ហាញនៅខែកក្កដាខាងមុខ អំពីសមិទ្ធផលរបស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព Sustainable Development Goals (SDG) នៅទីក្រុងញូវយ៉ក ហើយក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការងាររបស់ខ្លួនតាមគោលដៅនេះ។
ជាការឆ្លើយតបលោកស្រី រ៉ូណា ស្មីត បានថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកស្រី ដើម្បីបានជួបជាមួយតំណាងស្ថាប័នរបស់រាជរដ្ឋាភិបាលជាច្រើន ហើយលោកស្រីអះអាងថា ការធ្វើបទបង្ហាញរបស់កម្ពុជា នៅទីក្រុងញូវយ៉ក គឺជាឱកាសល្អមួយសម្រាប់ប្រទេសកម្ពុជា ដែលអាចបង្ហាញពីសមិទ្ធផលរបស់ខ្លួន ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ដែលកម្ពុជាមានជាមួយបណ្ដាប្រទេសផ្សេងៗជាមិត្ត។
លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ជាក់ស្តែងនៅក្នុងគោលដៅ ឬចំណុចកំណត់ ក៏ដូចជាសូចនាករមួយចំនួននៅក្នុង SDG មិនមានភាពច្បាស់លាស់ បើប្រៀបធៀបជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ដូចអ្វីដែលលោកស្រី បានជួបជាមួយតំណាងក្រសួងសុខាភិបាលក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយជាដើម អ្វីដែលលោកស្រីទទួលបាន គឺរាជរដ្ឋាភិបាលនៅទីនេះបានធ្វើច្រើន ប៉ុន្តែក្នុងគោលដៅ ក៏ដូចជាសូចនាករមួយចំនួននៅក្នុង SDG មិនបានកំណត់នោះទេ ដូច្នេះទើបលោកស្រីអះអាងថា ការធ្វើបទបង្ហាញនៅទីក្រុងញូវយ៉កនោះ គឺជាឱកាសល្អមួយសម្រាប់ប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកស្រី រ៉ូណា ស្មីត ក៏បានកត់សម្គាល់ឃើញនូវការវិវត្តន៍ជាច្រើន បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចចុងក្រោយ កាលពីខែវិច្ឆិកា ហើយពេលនេះ ក៏ដូចជាពេលមុនដែរ ដើម្បីប្រមូលព័ត៌មានពីភាគីពាក់ព័ន្ធ ដើម្បីសរសេររបាយការណ៍ នៅខែកក្កដា ខាងមុខនេះ។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីចំណុចមួយចំនួន ហើយសង្ឃឹមថា របាយការណ៍របស់លោកស្រី រ៉ូណា ស្មីត ទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅខែកក្កដា ខាងមុខ និងផ្អែកទៅលើទិដ្ឋភាពពិត ការអភិវឌ្ឍពិត និងប្រជាធិបតេយ្យនៅកម្ពុជា ដោយផ្អែកទៅតាមធាតុពិតជាក់ស្តែងនៅកម្ពុជា ហើយលោកស្រីក៏បានអះអាងដែរថា កម្ពុជាបើប្រៀបធៀបជាមួយបណ្ដាប្រទេសនៅអាស៊ាន កម្ពុជាជាប្រទេសមួយ បានផ្ដល់សច្ចាប័នទៅលើសន្ធិសញ្ញាសិទ្ធិមនុស្សច្រើនជាងគេ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានទាក់ទងទៅនឹងបញ្ហាលោក កឹម សុខា លោក កេត សោផាន់ បានអះអាងថា នៅក្នុងជំនួបនោះ មិនបានលើកឡើងណាមួយ ទាក់ទងនឹងបញ្ហាលោក កឹម សុខា ឬបញ្ហាគណបក្សប្រឆាំងនៅកម្ពុជានោះទេ។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល ហើយទស្សនកិច្ចនេះផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានាចាប់តាំងពីបេសកកម្មរបស់លោកស្រី កាលពីខែវិច្ឆិកាកន្លងមក។ ជាមួយគ្នានោះលោកស្រី មានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យសិទិ្ធមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ ថ្ងៃនេះ លោកស្រី គ្រោងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា ហើយលោកស្រី នឹងបំពេញទស្សនកិច្ចផងដែរ ទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់៕
Source: Kampuchea Thmey Daily
0 Comments