Ad Code

ប្រច័ណ្ឌ​ប្រពន្ធ​មាន​សហាយ​ កាប់​ពីរ​ពូថៅ ​ស្លាប់​ចោល​កូន​តូច​២​នាក់​



​ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់ ​បាន​ស្លាប់​ភ្លាម​ៗនៅ​កន្លែងកើតហេតុ​ ដោយសារ​ប្ដី​កាប់​ពីរ​ពូថៅ ​ព្រោះតែ​រឿង​ប្រច័ណ្ឌ​ថា ​ប្រពន្ធ​មាន​សហាយ។​ អំពើ​ឃាតកម្ម​នេះ​ បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី០៦​ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង២០​និង​២០​នាទី​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ឃ្លៃ​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​។​

ជនរងគ្រោះ ​ដែល​ប្ដី​កាប់​ស្លាប់ ឈ្មោះ យឿន សា​វិ​ន អាយុ​៣៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។ ចំណែក​ជនដៃដល់ ​ឈ្មោះ ​ម៉ុ​ន សាម៉ន អាយុ​៣២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ/ឃុំ​កើតហេតុ។​
ជនរងគ្រោះ ត្រូវ​ជនសង្ស័យ​កាប់​ពីរ​ពូថៅ​ចំ.ក​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។

ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ កូនប្រុស​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ ម៉ែ​មកពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​(​តៃ​អី​ហ្សី​)​បាន​ទិញ​លៀស​ហាល​យកមក​ហូបបាយ។ ពេល​ម៉ែ​ងូតទឹក​រួច ក៏​នាំគ្នា​ដួស​បាយ​ហូប​ជុំគ្នា ​ប្តី ប្រពន្ធ កូន ពេល​កំពុង​ហូបបាយ ឪ បាន​ប្រើ​កូន​យក​បោយ​ដងទឹក​ឲ្យ​ហូប​ពេល​កូន​ដងទឹក​ឲ្យ​ហូប​រួច ហើយ ឱ​បាន​ចោល​បោយ​ទៅ​កៀន​ជញ្ជាំង កូន​ក៏​រើសយក​មកវិញ ពេលនោះ​ម៉ែ​បាន​ឆក់យក​បោយ​ពី​កូន​គប់​ទៅលើ​ឱ ស្រាប់តែ​ឱ​ទាញ​កែវ​គប់​ទៅលើ​ម៉ែ​វិញ។ បន្ទាប់​មក​​នោះ ​ឪ ក៏​ទាញ​ពូថៅ​កាប់​ទៅលើ​ម៉ែ​ចំ.ក​ ពីរ​ពូថៅ​ខាងស្តាំ​ បណ្តាល​ឲ្យ​ម៉ែ​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​

ក្រោយ​ធ្វើ​សកម្មភាព​រួច ឪ បាន​ទៅប្រាប់​អ្នកជិតខាង​ថា ​អញ​កាប់​ប្រពន្ធ​អញ​ស្លាប់​ហើយ ពេលនោះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង ​និង​បងប្អូន​ជនរងគ្រោះ​បាន​ព័ទ្ធ​ចាប់​ឪ ចង​ ហើយ​ហៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។​

នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ជន​ដៃដល់​បាន​សារភាពថា ​មូលហេតុ​ដែល​ខ្លួន​សម្លាប់​ប្រពន្ធ​ព្រោះ​ប្រពន្ធ​លួច​មាន​ស​ហាយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu