Ad Code

សភា​ពាណិជ្ជកម្ម​អឺរ៉ុប ​នៅ​កម្ពុជា ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​អំពី​ការគ្រប់គ្រង​សំណល់​រឹង​ និង​ទឹក​កខ្វក់​នៅ​រមណីយដ្ឋាន​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​



សៀមរាប ​៖ ​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​ លោក ហ្គី​យ៉ូ​ម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ បាន ជួប​សំណេះសំណាល​ការងារ​ជាមួយ ថ្នាក់ដឹកនាំ​នៃ អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ស្វែងយល់​កិច្ចការ​គ្រប់​គ្រង​សំណល់​រឹង និង​គ្រប់គ្រង​ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​កិច្ចប្រជុំ​នេះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​បានលើកឡើង​នូវ​ការងារ​សំខាន់ៗ​ជាច្រើន ហើយ​ការងារ​ដែល​ជា​អាទិភាព​គឺ ការលើកកម្ពស់​ពាណិជ្ជកម្ម ការសិក្សា​អំពី​សេដ្ឋកិច្ច និង​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​សំណល់​រឹង និង​ការគ្រប់គ្រង​ទឹក​កខ្វក់​។

​ក្នុងនោះ អាជ្ញាធរ​ជាតិ​អប្សរា​ ក៏បាន​បង្ហាញ​នូវ​កិច្ចការ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង (​សំរាម​) ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ​ផងដែរ​។ កត្តា​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​សំរាម គឺ​កត្តា​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុង​មូលដ្ឋាន ក៏​ព្រោះ​ប្រជាជន​នៅ​ពុំទាន់​យល់ដឹង​ទូលំទូលាយ​ចំពោះ​ការរក្សា​សំរាម ការ​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។​

​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​សកម្មភាព​មួយចំនួន​ដូចជា ការអប់រំ​ឲ្យ​ស្គាល់​តម្លៃ​បេតិក​ភណ្ឌ ការគ្រប់គ្រង​អនាម័យ​ជុំវិញ​លំនៅដ្ឋាន និង​ផល​ប៉ះពាល់​ នៃ​ការដុត​សំរាម ការ​ចោល​ថង់​ប្លា​ស្ទិ​ក​ពាសវាលពាសកាល​។ លើសពីនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​សកម្មភាព​ប្រមូល​សំរាម ប្រមូល​ស្លឹកឈើ​ងាប់ សំណល់​ផ្ទះបាយ ដើម្បី​ផលិត​ជីកំប៉ុស​ផងដែរ ក្រៅពី​ការងារ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វី​ហ្គ្រី​ន​សម្អាត​ជាប្រចាំ​។​

​ក្រោយពី​ពិភាក្សា​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ក៏បាន​បង្ហាញ​បំណង​ចង់​ស្វែងយល់​លទ្ធភាព​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ស្ថាប័ន​ និង​ស្ថាប័ន ឬ​វិស័យ​ឯកជន​ណាមួយ ដើម្បី​ធ្វើ​ការងារ​រួមគ្នា​លើ​វិស័យ​គ្រប់គ្រង​សំណល់​រឹង និង​ គ្រប់គ្រង​ទឹក​កខ្វក់​នៅ​រមណីយដ្ឋាន​អង្គរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu