Ad Code

រយៈពេល​៣​ថ្ងៃ​ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ បង្ក្រាប​គ្រឿងញៀន​៣​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដកហូត​ថ្នាំញៀន​ជាង​១០០​កញ្ចប់​



​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នេះ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ​និង​កម្លាំង​ជំនាញ​ នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ពេញ​ បាន​បន្ត​សហការគ្នា​ចាប់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​បន្តបន្ទាប់​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​រាប់រយ​កញ្ចប់​ផងដែរ​។​

​សមត្ថកិច្ច​ផ្នែក​ជំនាញ​គ្រឿងញៀន​ នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ជាក់ស្តែង​ករណី​បង្ក្រាប​លើក​ទី​១​-កិច្ច​ប្រតិបត្តិការ​ក្នុង​យុទ្ធនា​ការបន្ត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នោះ​ ធ្វើឡើង​នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​១០​នាទី ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ដូន​ពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង R6 ក្តាន់​ពីរ​ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​។​

​ជា​លទ្ធផល​ នៃ​កិច្ចប្រតិបត្តិការ​​នេះ កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ លឹម រតនា ហៅ​អា​ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ ​គឺ​កម្លាំង​ជំនាញ​ខណ្ឌ​ រួមជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ​បានកំណត់​ពីមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​រូបនោះ​ច្បាស់​ហើយ​នោះ​ ទើប​នៅថ្ងៃនោះ​ដែរ​ កម្លាំង​ក៏​ចុះបង្ក្រាប​ជាក់ស្តែង ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ ព្រមទាំង​វត្ថុតាង​ចាប់យក​រួមមាន​ ១/​ក្រាម​ពណ៌​សថ្លា ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១២៤​កញ្ចប់ ក្នុងនោះ​មាន​០២​កញ្ចប់​ធំ​។​ ២/​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០២។ ​៣/​ដាវ​កែច្នៃ​ចំនួន​០៤​ដើម​។ ​៤/​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។ ​៥/​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា​ ករណី​បង្ក្រាប​លើក​ទី​២ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ ​បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្ដែង​នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី ក្រោយពី​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួច​មក សមត្ថកិច្ច​យើង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​តំបន់​ដែល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ស្ថិតនៅ​ចំណុច​លើផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ជិន សា​រ៉ាវី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ទំនប់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បន្តទៀតថា ​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះបាន​រកឃើញ​វត្ថុតាង​ដកហូត​រួម​មាន​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​ធំ​(​បួន​កញ្ចប់​ធំ​)​ ដែល​លាក់​ទុក​នៅក្នុង​កូន​កាបូបស្ពាយ ពណ៌​ខ្មៅ​លាយ​ទឹកប៊ិច មួយ​បំពង់​ជ័រ ពណ៌​លឿង​មួយ សម្រាប់​ចូក​គ្រឿងញៀន​កូន​ថង់​ប្លាស្ទិក​មួយចំនួន​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ​ករណី​បង្ក្រាប​លើក​ទី​៣​ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​បើក​ការ​ស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្ដែង​នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី ក្រោយពី​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួចមក សមត្ថកិច្ច​យើង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿង​ញៀន​យ៉ាងសកម្ម​ប្រចាំ​តំបន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ស្ថិតនៅ​ចំណុច​លើផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ពេជ្រ ឆៃ ហៅ​ស៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ​ព្រមទាំង​ដកហូត​វត្ថុតាង​១/​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​ធំ​(​មួយកញ្ចប់​ធំ​)​។​
២/​កូន​ថង់​ប្លាស្ទិក​មួយចំនួន​។​
៣/​លុយ​ចំនួន​១០$(​ដប់​ដុល្លារ​អាមេរិក​)​។​

​សមត្ថកិច្ច​បញ្ជាក់ថា ​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu