បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាប្រើប្រាស់អាវុធប្លន់យកម៉ូតូ កាលពីពេលថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល តាមប្រមាញ់ និងធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាពរំលងបាន១ថ្ងៃ។
គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់សមត្ថកិច្ច គឺករណីនេះបានកើតឡើង កាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១និង០៥នាទីរសៀល ត្រង់ចំណុចក្រុម៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែមានករណីលួចមានស្ថានទម្ងន់ទោសមធ្យោបាយផ្សេងៗ ដែលបង្កដោយឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ គឺគេបានជិះម៉ូតូ០១គ្រឿង និងមានដាវ សាំម៉ូរ៉ៃចំនួន២ដើម បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហុន កានឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូម៉ាកស៊ុយសូគីនិច ឆ្នាំ២០១៨ ហើយនៅពេលនោះដែរ ជនសង្ស័យបានយកម៉ូតូជិះរត់គេចខ្លួនបាត់ (ជនរងគ្រោះពុំមានរងរបួសទេ)។
ក្រោយពីទទួលបានពាក្យបណ្តឹង និង បានធ្វើការស្រាវជ្រាវរួចមក នៅថ្ងៃទី២ ខែឆ្នាំដដែល កម្លាំងជំនាញដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី វេ គឹមចត់ អធិការរងទទួលផែនព្រហ្មទណ្ឌ នគរបាលស្រុកសង្កែ បានសហការជាមួយ លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតម៉ូតូបានមកវិញ ដើម្បីយកមកសាកសួរ។
ជនទាំងនោះមាន ឈ្មោះ ភ័ណ សុភា ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតមាន ឈ្មោះ ផាន់ សង្វាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ដោយពួកគេរស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ហើយពួកគេបានសារភាពថា គេពិតជាបានធ្វើសកម្មភាពនេះមែន ដោយពួកគេនៅសល់បក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួនពីភ្នែកសមត្ថកិច្ច បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងបញ្ជូនទៅកាន់សាលាដំបូងហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments