ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពី លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែឧសភានេះ លោកបានចុះទៅពិនិត្យមើលទីតាំងដែលត្រូវតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់។
លោក ណុប ផា បានបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភាកន្លងទៅនេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានជួបប្រជុំជាមួយប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់ច្បារអំពៅទី២ ក្នុងនោះមានភូមិដើមចាន់ និងដើមចាន់ទី១។ ក្នុងពេលជួបប្រជុំ នៃវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋ២ភូមិខាងលើបានលើកជាសំណើមកអាជ្ញាធរខណ្ឌឲ្យជួយតបណ្ដាញទឹកស្អាតជូនដល់ពួកគាត់ ដែលមិនទាន់មានទឹកស្អាតរបស់រដ្ឋបានប្រើប្រាស់នៅឡើយ។
លោក ណុប ផា បានបន្តថា ពេលដែលបងប្អូនប្រជាពលរដ្ឋលើកសំណើសុំតបណ្តាញទឹកស្អាតលោកក៏បានរាយការណ៍ជូន លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសម្រេច។ អ្វីនឹកស្មានមិនដល់នោះ គឺលោកអភិបាលខណ្ឌច្បារអំពៅ បានរួសរាន់ធ្វើសំណើនេះជូនទៅលោកអភិបាលរាជធានីភ្នំពេញ សុំការសម្រេច។ លុះដល់ព្រឹកថ្ងៃសៅរ៍ ទី៤រំលងបានមួយថ្ងៃ ស្រាប់តែអង្គភាពរដ្ឋទឹកស្វយ័តរាជធានីភ្នំពេញបានចាត់តាំងតំណាងឲ្យសហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ចុះមកដល់ភូមិទាំងពីរ ធ្វើឲ្យប្រជាពលរដ្ឋលោកសប្បាយរីករាយគ្រប់ៗគ្នាព្រោះមិននឹកស្មានថា លើកសំណើបានតែមួយថ្ងៃ ស្រាប់តែទទួលបានលទ្ធផលគួរជាទីពេញចិត្ត។
លោកណុប ផា បានបញ្ជាក់ថា រាល់បញ្ហាអ្វីកើតឡើង គឺអាជ្ញាធរតែងសំណូមពរដល់ប្រជាពលរដ្ឋឲ្យលើកជាសំណើក្នុងវេទិកាសាធារណៈ ដើម្បីឲ្យអាជ្ញាធរយកទៅដោះស្រាយជូន ដោយមិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈអភិបាលខណ្ឌច្បារអំពៅដែលមាន លោក ចេង មុនីរ៉ា ជាអភិបាល នៃគណៈអភិបាលខណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments