ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះ បញ្ហាអនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់នៅក្រុងព្រះសីហនុ ខណៈដែលអាគារធំៗជាច្រើនបាននិងកំពុងជួសជុលនិងសាងសង់ថ្មី។
ក្រុងព្រះសីហនុ បាននិងកំពុងតែមានការវិវត្តន៍រីកចម្រើនលើពហុវិស័យ មានទាំងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងអាវជីកម្ម។ ចំពោះវិស័យ ចលនទ្រព្យ ខេត្តព្រះសីហនុ រីកដូចទំពាំង។ អញ្ចឹងទេ លោកសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា យល់ដោយសារតែពេលនេះយើងបាននិងកំពុង ជួសជុលផងនិងសាងសង់ផង ដែលធ្វើឲ្យមានបញ្ហា ចំនួនដូចជា ទឹកដក់ក្តារពុម្ពនិងឥដ្ឋ ស៊ីម៉ង់ នៅពាសវាលពាសកាលជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយការសាងសង់សំណង់ធំៗនេះរួម យើងនឹងរៀបចំអោយបានប្រសើរឡើងហើយ។ ជាងនេះទៅទៀត លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសមេត្តាយោគយល់និងកុំជឿលើការផ្សព្វផ្សាយព័ត៌មានមួយចំនួន ថាក្រុងព្រះសីហនុពោរពេញទៅដោយការកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ធាតុពិតវាមិនដល់ថ្នាក់ហ្នឹងនោះទេ វាជាការផ្សព្វផ្សាយព័ត៌មានបំផ្លើសប៉ុណ្ណោះ។
លោក យន្ត មីន បានមានប្រសាសន៍ អំពាវនាវបែបនេះ កាលពីរាត្រីថ្ងៃទី០៣ ឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់រង្វាន់នៃការប្រកួតល្បែងលើកទី១ និងការប្រគល់អំណោយមនុស្សធម៌ជូនកុមារកំព្រាត្រកូលសៅ នៅមជ្ឈមណ្ឌលកំសាន្តជីន ប៉ី ខេត្តកំពង់សោម។
លោកបន្តទៀតថា មជ្ឈមណ្ឌលកំសាន្តជីន ប៉ី កន្លងមកនេះបានជួយមករដ្ឋបាលខេត្តព្រះសីហនុ ជួយទៅលើផ្នែកមនុស្សធម៌ជាច្រើន ។ដូច្នេះទេលោកសូមឱ្យក្រុមហ៊ុន បន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៀត។
លោកឈិន អេនស៊ិន ប្រធានមជ្ឈមណ្ឌលកំសាន្តជីន ប៉ី បានមានប្រសាសន៍ថា ការបង្កើតអោយមានកម្មវិធី“ប្រកួតមិត្តភាពលើកទីមួយនៅមជ្ឈមណ្ឌលកម្សាន្តជីនប៉ី”នេះ ទី១ ដើម្បីចងសម្ព័ន្ធមិត្តភាព។
ទី២ ដើម្បីបង្កើតកម្មវិធីសប្បាយៗជូនភ្ញៀវកិត្តិយសលេងកម្សាន្ត ហើយកម្មវិធីនេះក៏បានធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យល្បែងកំសាន្ត បង្កើនការទំនាក់ទំនងរវាងគ្នានិងគ្នា ដើម្បីរួមសហការគ្នាជំរុញឲ្យវិស័យល្បែងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែមានការឈានមុខបែបស្តង់ដារអន្តរជាតិ ហើយឆ្លុះបញ្ចាំងឱ្យពិភពលោកស្គាល់នូវសក្តានុពលរបស់ខេត្តព្រះសីហនុ។
លោកគិតថា នេះមិនមែនជាបំណងខិតខំរបស់មជ្ឈមណ្ឌលកម្សាន្តជីនប៉ីតែមួយទេ វាគឺជាបំណងអភិវឌ្ឍន៍រួមរបស់អ្នកវិនិយោគខាងវិស័យល្បែងកម្សាន្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ អ្នកទទួលបានរង្វាន់លេខ១ នៃការប្រកួតល្បែងលើកទី១នេះ ទទួលបានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ និងបានប្រគល់ថវិកាមនុស្សធម៌ជូនទៅកុមារកំព្រាត្រកូលសៅចំនួន២ម៉ឺនដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments