ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នាល្ងាចថ្ងៃទី ០៤ឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនលោក ឌួង ណាគ្រី ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទប្រើអាវុធខុសច្បាប់។
ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារប៉េហ្ស៊ីភ្នំពេញ តាមសេចក្ដីសម្រេចរបស់តុលាការ។
លោកឌួង ណាគ្រី ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញបញ្ជូនមកកាន់តុលាការនាល្ងាច ថ្ងៃទី០៣ ឧសភា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បញ្ជាឲ្យព្រះរាជអាជ្ញាត្រូវតែចាត់ការតាមច្បាប់ ទោះបីមានការដាក់វិន័យកងកម្លាំងក៏ដោយ។
នៅតុលាការលោកឌួង ណាគ្រី បានឆ្លើយសារភាពថា នៅយប់ថ្ងៃកើតហេតុលោកបានបើករថយន្តតាមផ្លូវព្រះមុនីវង្ស ពេលមកដល់មុខក្លឹបកំសាន្តរ៉ុកក៏បានជួបរថយន្តរ៉ង់រ៉ូវើដែលបើកពីមុខខ្លួនក្នុងស្ថានភាពបើករ៉េពេញផ្លូវ។ ពេលនោះខ្លួនក៏ស៊ីញ៉ូភ្លើងសុំផ្លូវ តែគេមិនឲ្យវ៉ា បន្ទាប់មកអ្នកបើករថយន្តរ៉ង់រ៉ូវើក៏បានឈប់ហើយចុះមកទាំង២នាក់ប្ដីប្រពន្ធ ហើយបានស្រែកថា ហែងចង់យ៉ាងមិច។ ពេលនោះខ្លួនក៏ឆ្លើយថាហែងទៅដេកទៅ។ បន្ទាប់មកប្ដីក៏ស្រែកប្រាប់ប្រពន្ធឲ្យទៅយកកាំភ្លើង ហើយពួកគេក៏ឡើងបើករថយន្តចេញទៅ។ ចំណែកខ្លួនលឺសូរថា មានកាំភ្លើងក៏បើករថយន្តដេញតាមដើម្បីឃាត់ដំណើរឲ្យឈប់ដើម្បីដោះស្រាយគ្នានៅខណ្ឌចំការមន ប៉ុន្តែពួកគេមិនឈប់រថយន្ត ថែមទាំងថយរថយន្តបុករថយន្តខ្លួន២ដង ហើយថែមទាំងបើកកញ្ចក់រថយន្តជេរខ្លួនទៀត។
បន្ទាប់មកពួកគេក៏បានបើករថយន្តសំដៅមកច្បារអំពៅ ខ្លួនក៏ដេញតាមរហូតដល់ក្បែរអធិការខណ្ឌដើម្បីឃាត់រថយន្តនោះឲ្យចូលអធិការខណ្ឌច្បារអំពៅដើម្បីដោះស្រាយតែពួកគេមិនឈប់ហើយបើកកៀរថែមទៀត ទើបខ្លួនដកកាំភ្លើងបាញ់កង់រថយន្តពួកគេតែបែរជាត្រូវកញ្ចក់ទៅវិញ។
បន្ទាប់មកខ្លួនក៏បើករថយន្តសំដៅមកអធិការខណ្ឌដើម្បីដោះស្រាយគ្នា។ ករណីបាញ់នោះបណ្តាលឲ្យបែកកញ្ចក់រថយន្តរ៉ង់រ៉ូវែមួយគ្រឿង កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបន្តថា ការសម្រេចបែបនេះបន្ទាប់ពី ជនរងគ្រោះយល់ព្រមសម្របសម្រួលជាមួយ ជនដៃដល់ ដោយទទួលសំណងជាលុយចំនួន ៥ពាន់ដុល្លារ អាមេរិក។
ជនដៃដល់ដែលបាញ់៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់ ឡានក្នុងបទល្មើសជាក់ស្ដែងប៉ុនប៉ងឃាតកម្ម គឺលោក វរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
ចំណែកភាគីម្ខាងទៀតឈ្មោះ ភូ រិស្សស្តូរ៉ា់ ជាប្រធានក្រុមហ៊ុនសន្តិសុខ CPS។ នៅយប់កើតហេតុគឺជនបង្ក មានលក្ខណៈស្រវឹងជោកជាំ បើករថយន្តតាមរករឿងគេ ទើបឈានដល់ការបាញ់បំបែក កញ្ចក់ឡានតែម្ដង។
ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។ ចំណែកភាគីដែលបែកកញ្ចក់រថយន្តបានដាក់ពាក្យបណ្ដឹងនិងទាមទារសំណង៣៥ ០០០ដុល្លារ។ ចំណែកជនដៃដល់ ត្រូវបានបញ្ជូនមកតុលាការសម្រេចឃុំខ្លួននាល្ងាចថ្ងៃទី ០៤ឧសភា ឆ្នាំ២០១៩នេះ ដើម្បីស៊ើបអង្កេតបន្តនៅពេលក្រោយ ៕
Source: Kampuchea Thmey Daily
0 Comments