ភ្នំពេញ ៖ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតចំនួន២ច្បាប់ផ្សេង ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យពិនិត្យស្រាវជ្រាវរឿងក្តីរបស់ឈ្មោះមាស សុផាត ជាមន្ត្រីយោធាពិការ ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងឲ្យផ្អាកការអនុវត្តដោយបង្ខំរបស់អាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់ដូចជាមិនទាន់មានដំណោះស្រាយនៅឡើយទេ ហើយតុលាការគ្រៅងអនុវត្តនៅថ្ងៃទី១៦ ខែឧសភា ខាងមុខ។
ទាក់ទងបញ្ហានេះ លោក មាស សុផាត បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ថា នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះលោកគ្មានអ្វីសំអាងទេ លោកសំអាងតែលើលិខិត ស.ជ.ណ របស់សម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ ដែលបានចេញរហូតដល់ពីរច្បាប់ ហើយចុងក្រោយនេះបានបញ្ជាក់យ៉ាងច្បាស់ថា ឲ្យផ្អាកការអនុវត្តដោយបង្ខំ តែភាគីម្ខាងទៀតគេបាននិយាយថា គេនៅតែអនុវត្ត។ លោកបញ្ជាក់ថា “ខ្ញុំគ្មានមធ្យោបាយអីទេ បើសិនជាថ្ងៃនោះមកដល់មែន ការអនុវត្តមកដល់មែន ខ្ញុំនិងគ្រួសារខ្ញុំសុខចិត្តស្លាប់លើដីហ្នឹងហើយ លើកមុនខ្ញុំបានសន្យាថា នឹងចាក់សាំងដុតខ្លួនលាលោកទៅ វារស់នៅពិបាកជាងស្លាប់ ចឹងស្លាប់ទៅខ្ញុំបានសុខជាងនៅរស់ ហើយថ្ងៃទី១៦ហ្នឹង ការអនុវត្តហ្នឹងមកដល់ទៀត ខ្ញុំនឹងរារាំង ហើយបើមិនស្តាប់ទេ ខ្ញុំគ្មានជំរើសសអ្វីក្រៅពីធ្វើអត្តឃាតនោះទេ ខ្ញុំនឹងសុំលាបងប្អូនទាំងអស់ ជាអ្នកសារព័ត៌មាន ជារដ្ឋអំណាចដែលធ្លាប់បានជួយខ្ញុំកន្លងមកសព្វបែបយ៉ាង ជាពិសេសខ្ញុំក៏លែងបាននៅគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនតទៅទៀតដែរ ហើយខ្ញុំមិនភ្លេចទេ កើត សា រ៉េត បើព្រលឹងខ្ញុំនៅ ខ្ញុំនឹងត្រឡប់មកទាមទាររកយុត្តិធម៌ឲ្យខ្ញុំវិញ ពីព្រោះការរំលោភនេះធំណាស់ បំបាត់នូវការពិត បន្លំនូវការពិត”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក មាស សុផាត បានសំណូមពរទៅរដ្ឋមន្ត្រីក្រសួងដែនដី លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យផ្តល់យុត្តិធម៌ជូនគាត់ផង ពីព្រោះខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី បានរកយុត្តិធម៌គាត់រួចហើយតាមរយៈលិខិតចំនួន២ច្បាប់ គឺមួយទៅក្រសួងដែនដី និងមួយទៀតទៅក្រសួងយុត្តិធម៌ តែមកដល់ពេលនេះ ពុំទាន់បានអនុវត្តនោះទេ ដូច្នេះសូមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក អង្គវង្ស វឌ្ឍានា ជួយរកយុត្តិធម៌ឲ្យគាត់ផង។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ គឺជាថ្ងៃដែលអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ គ្រោងចុះអនុវត្តសាលដីការបស់តុលាការកំពូល យកដីពីឈ្មោះ មាស សុផាត ទំហំ១៣៧២០ ម៉ែត្រក្រឡា ប្រគល់ឲ្យទៅឈ្មោះឈ្មោះ កើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម សុធន់អ៊ូ។ ដោយការចាញ់ក្តីនេះ លោក មាស សុផាត ជាមន្ត្រីយោធាពិការ បាននឹងកំពុងស្វែងរកយុត្តិធម៌ ដោយសំអាងថា ដីគាត់មួយកន្លែងស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឈ្មោះកើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម សុធន់អ៊ូ ឃុបឃិតជាមួយអាជ្ញាធរលួចធ្វើប្លង់រំលោភយកដីរបស់គាត់ទំហំ១៣៧២០ ម៉ែត្រក្រឡា មិនតែប៉ុណ្ណោះបានប្តឹងទៅស្ថាប័នតុលាការគ្រប់ជនថ្នាក់ហើយតុលាការក៏បានកាត់ក្តីឲ្យគាត់ចាញ់ទាំងយុត្តិធម៌។
ទាក់ទងបញ្ហានេះដែរ លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតសម្តេចតេជា ហ៊ុន សែន បានសរសេរក្នុងផេកហ្វ៊េសបុករបស់ខ្លួនថា “សូមបងប្រុសកុំអាលអស់សង្ឃឹម បើតាមខ្ញុំមើលក្នុងដីកាបញ្ជូនចេញពីឧុទ្ទកាល័យរបស់សម្តេចតេជោរទៅក្រសួងយុតិ្តធម៌នេះ។ ខ្ញុំមិនចង់និយាយទេ រឿងដីធ្លីតែឃើញរឿងដីប្អូន មាស សុផាត ជាយោធិនពិការរស់នៅយូរហើយហេតុបានជាលោក កើត សារ៉េត គាត់ធ្វើប្លង់យកអញ្ចឹង ? ឮថាគាត់ជាមន្ត្រីជនខ្ពស់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។ ជាមួយគ្នានោះ លោកស្រី ហ៊ុន ស៊ីណាត ក៏បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយរកយុត្តិធម៌ឲ្យរាស្ត្រផង។ “ក្នុងបច្ចុប្បន្ននេះ បើតាមខ្ញុំមើលឃើញ រឿងដីធ្លីភាគច្រើនទឹកទន្លេ បំពានទឹកអណ្តូងច្រើនណាស់ វាតិចតូចណាស់ ដែលទឹកអណ្តូងបំពានទឹកទន្លេនោះ”។
ផ្អែកតាមលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ របស់ឈ្មោះ មាស សុផាត ជាយោធិនពិការ មានទីលំនៅបណ្តោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រីសំណើសុំរកយុតិ្តធម៌ដល់រូបគាត់ ពាក់ព័ន្ធនិងដីទំហំ១៣៧២០ ម៉ែត្រក្រឡា មានទីតាំងស្ថិតភូមិឌួង សង្កាត់ព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមួយឈ្មោះកើត សារ៉េត និងប្រពន្ធឈ្មោះ ហ៊ឹម សុធន់អ៊ូ និងផ្អាកការអនុវត្តជាបណ្តោះអាសន្ននៅក្នុងសំណុំរឿងអនុវត្តដោយបង្ខំលេខ៥៦ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់សាលាដំបូងរាជាធានីភ្នំពេញ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងអំពីកាលបរិច្ឆេទនៃការអនុវត្តជូនឈ្មោះ មាស សុផាត ហៅ កុយ និងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង មានអាសយដ្ឋានស្ថិតនៅភូមិឌូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវជាកូនបំណុលនៃការអនុវត្ត នៅក្នុងសំណុំរឿងអនុវត្តលេខ៥៦ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។
លិខិតដដែលបានបញ្ជាក់ថា អាជ្ញាសាលាប្រចាំសាលាដំបូងរាជធានីភ្នំពេញ នឹងដឹកនាំគណៈកម្មការចម្រុះចុះអនុវត្តប្រគល់អចលនទ្រព្យដោយបង្ខំ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក។
ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ កម្ពុជាថ្មី នៅមិនទាន់សុំការពន្យល់ពីលោក កើត សារ៉េត បាននៅឡើយទេ ទាក់ទងនិងករណីដែលរងការចោទប្រកាន់ពីលោក មាស សុផាត នេះ៕
Source: Kampuchea Thmey Daily
0 Comments