Ad Code

ឃាត់ខ្លួន​គ្រូពេទ្យ​សល់​ពី​អាពត​ម្នាក់​ ក្រោយ​ចាក់​ថ្នាំ​មួយ​ម្ជុល​អោយ​អ្នកជំងឺ​ប្រកាច់​ស្លាប់​



ស្វាយរៀង ៖ គ្រូពេទ្យ​អត់​សាលា សល់​ពី​ជំនាន់​ប៉ុលពត​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ភ្លាម ក្រោយពី​គាត់​បាន​ចាក់​ថ្នាំ​អោយ​អ្នកភូមិ​ម្នាក់​ដែល​ឈឺ​បំពង់ក ហើយ​គ្រាន់តែ​ដក​ម្ជុល​ផុត អ្នកជំងឺ​ប្រកាច់​តូង​ស្លាប់​ភ្លាម​តែម្ដង។​

ហេតុ​ការណ៍​នេះ ​​ ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ប៊ុន ម៉ាប់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ មាន​អា​ការៈ​ឈឺ​បំពង់ក ចំនួន​ពីរ​ថ្ងៃ​មក​ហើយ​ពុំ​បាត់ ទើប​គាត់​អោយ​គ្រួសារ​ហៅ​គ្រូពេទ្យ​ឯកជន​ឈ្មោះ ព្រាប សេ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំឡី​ស្រុក​កំពង់រោទិ៍ ដែលជា​គ្រូពេទ្យ​សល់​ពី​ជំនាន់​ប៉ុលពត មិនដែល​ចូលរៀន​សាលា​ពេទ្យ​ណាមួយ​ទេ​ក្នុង​ជីវិត​របស់​គាត់ មកចាក់​ថ្នាំ​ឲ្យ ខណៈពេលដែល​ពេទ្យ​មកដល់​បាន​បូម​ថ្នាំ​មួយ​សឺរ៉ាំង ហើយ​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ ប៊ុន ម៉ាប់ មិនទាន់​ទាំង​អស់ពី​សឺរ៉ាំង​ផង ស្រាប់តែ​ជនរងគ្រោះ​មាន​អាកា​រៈ​រមាស់​ក្រហល់ក្រហាយ ហើយក៏​ប្រកាច់​តូង​ដាច់ខ្យល់​ស្លាប់​ភ្លាម​តែម្ដង រកតែ​អ្នកភូមិ​ជួយ​មិនទាន់។​

ឃើញ​សភាព​ស្លន់ស្លោ​ដូច្នេះ គ្រូពេទ្យ​រៀបចំ​បង្វេច​ចាក​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវ​អ្នកភូមិ​ឃាត់​ដំណើរ​ ហើយ​ក៏​ប្រគល់អោយ​នគរបាល​ក្នុងពេលនោះ​ទៅ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ប្រតិកម្ម​ថ្នាំ។ពាក់ព័ន្ធ​ករណី​គ្រូពេទ្យ​ចាក់​ថ្នាំ​ស្លាប់​អ្នកជំងឺ​នេះ បើតាម​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំឡី បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​ឈ្មោះ ព្រាប សេ គាត់​ចេះ​ជំនាញ​ពេទ្យ​នេះ ពុំ​មាន​សាលា​ច្បាស់លាស់​នោះ​ទេ ដោយ​គាត់​ចេះ​ចាក់​ថ្នាំ​តាំងពី​សម័យ​ប៉ុលពត​មក​ម្ល៉េះ ហើយ​បន្ត​អាជីព​នេះ រហូតដល់​បច្ចុប្បន្ន។ រយៈកាល​កន្លងមក​ធ្លាប់ ត្រូវបាន​មន្ទីរជំនាញ​ហៅ​មក​អប់រំ​ផង​ដែរ តែ​គាត់​នៅតែ​ដើរ​ព្យាបាល គេ​ដដែល​ទើប​ភ្លាត់ស្នៀត​ចាក់​ថ្នាំ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​តែម្តង ។​

អ្នកភូមិ​ថា​គាត់​ព្យាបាល​មិន​គិតថា មនុស្ស​សត្វ​នោះទេ​អោយតែ​ហៅ​គាត់ គាត​មកចាក់​ថ្នាំ​អោយ​មិន​រើសមុខ​ទាំងអស់​ទាំង​សត្វ​គោ ក្របី ជ្រូក សេះ មាន់ ទា និង​មនុស្ស​ចាស់ ក្មេង ប្រុស ស្រី ឲ្យ​តែ​ត្រូវការ​គាត់​ចាក់​បាន​ទាំងអស់៕

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu