Ad Code

ក្មេង​ប្រុស​ម្នាក់ ​ត្រូវ​បាន​លោក​អនុប្រធាន​ផ្សារ​ច្បារអំពៅ​ ជួយ​សុំ​គ្រូ​ឲ្យ​ចូលរៀន​ ខណៈ​ដែល​គ្រួសារ​គ្មាន​លទ្ធភាព​



ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់ ​ក្នុង​វ័យ​៩​ឆ្នាំ ​ដែល​សព្វថ្ងៃ​ស៊ីឈ្នួល​ លក់​ទឹកកក​ ឲ្យ​ឪពុកធំ ​ដើម្បី​បាន​លុយ​ផ្ញើ​ទៅ​ម្តាយ​នៅ​ឯ​ខេត្ត​ តែ​សំណាង​បាន​លោក​អនុប្រធាន​ផ្សារ​ច្បារអំពៅ ​ជួយ​សុំ​លោកនាយក​សាលា​បឋមសិក្សា​ច្បារអំពៅ​បាន​ចូលរៀន​។​

លោក ​គ្រី ហ៊ុ​ច អនុប្រធាន​ផ្សារ​ច្បារអំពៅ​បាន​ប្រាប​កម្ពុ​ជាថ្មី​ថា ​កាលពី​រសៀល​ថ្ងៃទី​៦​ឧសភា​ លោក​បាន​ជួប​ក្មេងប្រុស​ម្នាក់​មាន​អាយុ​ក្រោម​១០​ឆ្នាំ ​តែង​ឈរ​លក់​ទឹកកក​ក្បែរ​របង​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​ជា​រៀងរាល់ថ្ងៃ​ ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍​ រួច​សាកសួរ​ទៅ​ គឺ​ក្មេងប្រុស​រូបនេះ​ចង់​ចូលរៀន​ប៉ុន្តែ​គ្រួសារ​គ្មាន​លទ្ធភាព​។​

លោក​ គ្រី ហ៊ុ​ច បាន​បន្ត​ថា ​ក្មេង​ប្រុស​រូបនេះ ​ត្រូវ​បាន​ឪពុកធំ​យក​មក​ចិញ្ចឹម​តាំងពី​តូច​ ដោយ​ឲ្យ​ជួយ​លក់​ទឹកកក​ដុំ​។​ ហើយ​សព្វ​ថ្ងៃ​នេះ ​ក្មួយប្រុស ​ក៏​គ្មាន​សំបុត្រកំណើត​បញ្ជាក់​ពី​ថ្ងៃ​កើត ​និង​មាន​ឪពុកម្ដាយ​ឈ្មោះ​អី​ដែរ​។​ ដូច្នេះ​ហើយ ​ទើប​ឪពុកធំ​មិន​ហ៊ាន​នាំ​យក​ទៅ​សាលា​ ព្រោះ​គ្មាន​អ្វី​បញ្ជាក់​ពី​ទីតាំង​កំណើត​។​

លោក​អនុប្រធាន​ផ្សារ​ច្បារអំពៅ​បាន​បញ្ជាក់ថា ​ដោយមាន​ការ​អាណិតអាសូ​រ លោក​បាន​ដឹក​ដៃ​ក្មេង​ប្រុស​ខាងលើ​ ទៅសុំ​លោកនាយក​សាលាបឋមសិក្សា​ច្បារអំពៅ ​ហើយ​លោកនាយ​កបាន​អនុញ្ញាត​ឲ្យ​ចូលរៀន ​និង​ឲ្យ​ឪពុកមា​ក្មេងប្រុស​ធ្វើ​សំបុត្រ​ឲ្យ​ក្មេងប្រុស​នៅ​មូលដ្ឋាន​របស់ខ្លួន ​ដើម្បី​បញ្ជាក់​ពី​ប្រភព​កំណើត​ ព្រោះ​មនុស្ស​គ្រប់រូប​មិន​អាច​គ្មាន​សំបុត្រកំណើត​នោះឡើយ​។​

លោក​ គ្រី ហ៊ុ​ច បានបញ្ជាក់​ថា ​លោក​ក៏​សំដែង​ការ​អរគុណ​ដល់​លោកនាយក​សាលាបឋមសិក្សា​ច្បារ​អំពៅ ​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្មេងប្រុស​រូបនេះ​បាន​ចូលរៀន ​ខណៈ​ដែល​រូបគេ​មិនដែល​បាន​ចូល​សាលា​សោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu