ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋបារាំង នាល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្ដីពី “ចីរភាព បំណុល សម្រាប់ចីរភាព កំណើន ៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ ការអភិវឌ្ឍ (Sustainable Debt for Sustainable Growth: Sound Financing for Development) នៅទីក្រុងប៉ារីស, ប្រទេសបារាំង។
កិច្ចប្រជុំជាន់ខ្ពស់នេះ នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល ប្រធានស្ថាប័នអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាង ពីស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពី តាមបណ្តាប្រទេសប្រមាណ៦០ លើពិភពលោករួមមាន ៖ រដ្ឋមន្ត្រី ហិរញ្ញវត្ថុបារាំងដែលជាម្ចាស់ផ្ទះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក,ជប៉ុន និងទេសាភិបាលធនាគារកណ្តាលចក្រភពអង់គ្លេស ជាដើម។
ក្រោមប្រធានបទ “ចីរភាពបំណុល សម្រាប់ចីរភាពកំណើន ៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ” កិច្ចប្រជុំ គ្រោងនឹងផ្តោតការពិភាក្សាទៅលើប្រធានបទសំខាន់រួមមាន ៖ យុទ្ធសាស្ត្រក្នុងការបំពេញតម្រូវការ ហិរញ្ញប្បទាន ដើម្បីជំរុញការ អភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផងដែរ ព្រមទាំង វិធីសាស្ត្រ ដែលប្រទេសមានតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងនូវការជំពាក់បំណុលច្រើនហួសហេតុ។
ក្នុងឱកាសបំពេញបេសកកម្មការងារនេះ ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងដឹកនាំប្រតិភូកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាង ជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បារាំង នាយកគ្រប់គ្រងទូទៅ នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) តំណាងជាន់ខ្ពស់ នៃ សហគមន៍អឺរ៉ុប (EU) និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់ភាគីមិត្តបារាំង។
ជាមួយគ្នានេះដែរ តាមការគ្រោងទុកឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងធ្វើ-ទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទឹកប្រាក់ចំនួន ២៩,១ លានអឺរ៉ូ ដែលគម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវត្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments