យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោងចូលទៅក្នុងសមុទ្រនៅថ្ងៃសៅរ៍នៅក្នុងអ្វីដែលអាចជាការបាញ់មីស៊ីលរយៈចម្ងាយខ្លីលើកដំបូងរបស់ក្រុងព្យុងយ៉ាងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
នាយអគ្គសេនាធិការកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងរយៈចម្ងាយខ្លីមួយចំនួនចេញពីឧបទ្វីប Hodo នៅជិតទីក្រុងឆ្នេរសមុទ្រភាគខាងកើត Wonsan ឆ្ពោះទៅកាន់ទិសនិរតីពីម៉ោង៩:០៦នាទីព្រឹកដល់ម៉ោង៩:២៧នាទីព្រឹកថ្ងៃនេះ”។
JCS បានបន្ថែមថា គ្រាប់ផ្លោងទាំងនេះបានធ្វើដំណើរពី៧០ទៅ២០០គីឡូម៉ែត្រឆ្ពោះទៅសមុទ្រខាងកើតដែលក៏ត្រូវបានគេស្គាល់ផងដែរថាជាសមុទ្រជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មុនមួយ, JCS បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចម្ងាយជិតដែលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់។
ការបាញ់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើងគឺនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៧ ។
ការបាញ់ចុងក្រោយបំផុតនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បាននិយាយថា ទីក្រុងព្យុងយ៉ាងគួរតែបង្ហាញសកម្មភាពរំសាយអាវុធនុយក្លេអ៊ែរដែលអាចមើលឃើញ ច្បាស់លាស់និងមានប្រសិទ្ធិភាពបើសិនជាខ្លួនចង់បានការបន្ធូរបន្ថយទណ្ឌកម្ម។
ទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាងបានស្ថិតក្នុងភាពតានតឹងចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅក្នុងខែកុម្ភៈ។
គួរបញ្ជាក់ថា កូរ៉េខាងជើងមិនបានធ្វើតេស្តមីស៊ីលឬនុយក្លេអ៊ែរណាមួយទេកាលពីឆ្នាំមុននៅពេលលោកគីមជុងអ៊ុនបានចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងរបស់លោកជាមួយមេដឹកនាំអាមេរិកនិងកូរ៉េខាងត្បូង៕ AFP
Source: Kampuchea Thmey Daily
0 Comments