ភ្នំពេញ ៖ បុរស/ស្ត្រីពីរនាក់ប្ដីប្រពន្ធ ដែលតែងតែងើបពីព្រឹកព្រលឹម ជិះម៉ូតូឌុបគ្នាមករកទិញទំនិញនៅផ្សារជម្ពូវ័ន ដើម្បីលក់បន្ដនៅផ្ទះ ជួលរបស់ខ្លួន នៅពេលជិះមកដល់ចំណុចកើតហេតុ មុខភូមិអង្គកែវ ត្រូវបានជនល្មើសមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿង មកដេញកៀរឲ្យឈប់ រួចកញ្ឆក់យកកាបូបលុយដែលមានគ្រឿងអលង្ការនៅក្នុងនោះផងដែរ បើសរុបទាំងលុយដុល្លារ និងលុយរៀល ទាំងគ្រឿងអលង្ការប្រហែលជាង១ពាន់ដុល្លារឯណោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ញឹម សំអាត ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានប្តី ឈ្មោះ ពេជ្រ សុវណ្ណ អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិកោះកុក ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្ភារៈលុយកាក់បាត់បង់ ប្រាក់ដុល្លារជាង៨០០ដុល្លារ ប្រាក់រៀល ជាង៧០ម៉ឺនរៀល គ្រឿងអលង្ការ ខ្សែក ខ្សែដៃ របស់កូនផ្ញើទុក សរុបអស់ ជាង១.០០០ដុល្លារ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ព្រឹក ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ តែងតែងើបទៅផ្សាររកទិញ បន្លែ ម្ហូប នៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅផ្ទះជួល ហើយនៅពេលកើតហេតុ នៅវេលាម៉ោង៥ព្រឹក គាត់២នាក់ប្តីប្រពន្ធជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0240 ជិះទៅរកទិញបន្លែដូចសព្វដង ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចភូមិអង្គកែវ ជិតដល់ផ្សារជម្ពូវ័នទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ មួយគ្រឿង ម៉ាក Nex មួយគ្រឿងទៀតមិនស្គាល់ម៉ាក ជិះមកពាំងពីមុខ ទុកឲ្យម៉ូតូ Nex អែបជាប់ពីខាងឆ្វេង ធ្វើឲ្យម៉ូតូឈប់ រួចជនសង្ស័យឆក់ដណ្តើមយកកាបូបពីចង្កេះស្ដ្រីជាប្រពន្ធ ហើយជនសង្ស័យម្នាក់ដែលជិះម៉ូតូពាំងឃាត់ពីមុខ មកកាច់សោម៉ូតូពន្លត់ម៉ាស៊ីនម៉ូតូ។ ពេលនោះ ក្រុមជនសង្ស័យ ឡើងជិះម៉ូតូ គេចខ្លួន ទៅបាត់អស់ ទោះជាដេញតាម ក៏មិនទាន់ មានតែរត់ចូលប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ និងកំណត់មុខសញ្ញាឆក់ លួចខាងលើ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ តែមិនដឹងថារកឃើញឬអត់ឡើយ៕
Source: Kampuchea Thmey Daily
0 Comments