Ad Code

យន្តហោះ​ដឹក​មនុស្ស​១៤៣​នាក់ ​ធ្លាក់​ចូលក្នុង​ទន្លេ​រដ្ឋ Florida ប៉ុន្តែ​គ្មាន​អ្នកស្លាប់



ក្រុមមន្ត្រី​បាន​និយាយថា យន្តហោះ Boeing 737 មួយគ្រឿង​ បាន​ធ្លាក់​ចេញពី​ផ្លូវ​រត់​ចូលទៅក្នុង​ទន្លេ​បន្ទាប់ពី​ការ​ចុះចត​បរាជ័យ​នៅឯ​ស្ថានីយ​អាកាស​របស់​កងទ័ពជើងទឹក​រដ្ឋ Florida ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍​អំពី​អ្នកស្លាប់​ទេ​។​

អាជ្ញាធរ​ជើង​ទឹកបាន​និយាយថា យន្តហោះ​ដែល​ដឹក​មនុស្ស​១៤៣​នាក់​រួមទាំង​នាវិក​មកពី​ឈូង​សមុទ្រ Guantanamo ក្នុងប្រទេស​គុយបា​ផងដែរ​នោះបាន​បញ្ចប់​ដំណើរ​ក្នុង​ទឹក​រាក់​នៅជាប់​នឹង​ស្ថានីយ​អាកាស​ក្នុង​ទីក្រុង Jacksonville ដោយ​អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀសចេញ​ដោយ​សុវត្ថិភាព​។​

ស្ថានីយ​អាកាស​នៃ​ទ័ពជើងទឹក Jacksonville បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មាន​អ្នកដំណើរ​ចំនួន​១៣៦​នាក់​និង​អាកាសយានិក​៧​នាក់​នៅលើ​យន្តហោះ​នោះ​”​។​

ការិយាល័យ​ទីក្រុង Jacksonville បាន​ឲ្យ​ដឹងថា មនុស្សពេញវ័យ​ចំនួន​២១​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្រុក​ប៉ុន្តែ​គ្មាន​នរណាម្នាក់​រងរបួស​ធ្ងន់​ទេ​។ អ្នក​ផ្សេងទៀត​ត្រូវបាន​គេ​ព្យាបាល​សម្រាប់​របួសស្រាល​នៅ​កន្លែងកើតហេតុ​។​

សន្តិសុខ​កងទ័ពជើងទឹក​និង​បុគ្គលិក​ឆ្លើយតប​បន្ទាន់​រួមទាំង​អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល​៩០​នាក់​ផងដែរ​បាន​ចូលរួម​នៅ​កន្លែងកើតហេតុ​។​

អភិបាលក្រុង Jacksonville លោក Lenny Curry បាន​បង្ហោះ Twitter ថា “​ក្រុមការងារ​កំពុងធ្វើកា​រ​ដើម្បី​គ្រប់គ្រង​ប្រេងឥន្ធនៈ​ដែល​ហូរ​ចូលទៅក្នុង​ទន្លេ St Johns”​។​

ក្រុមហ៊ុន Boeing បាន​និយាយថា ខ្លួន​ដឹង​ពី​ឧបទ្ទវ​ហេតុនេះហើយ​កំពុង​ប្រមូល​ព័ត៌មាន​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu