ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាស្តេចរាមាទី១០នៃប្រទេសថៃ បានឡើងគ្រងរាជ្យកាលពីថ្ងៃសៅរ៍ នៅក្នុងពិធីមួយដ៏អស្ចារ្យ ដោយព្រះអង្គបានប្តេជ្ញាថានឹងសោយរាជ្យដោយសុចរិតជំនួសមុខឲ្យប្រជាជនថៃ។
ដោយចាប់ផ្តើមនៅវេលាល្អម៉ោង១០:០៩នាទី, សាធារណជនបានមើលឃើញទិដ្ឋភាពដ៏កម្រក្នុងមួយជីវិតនៅពេលដែលពិធីសាសនាសំខាន់ៗនៃពិធីគ្រងរាជ្យសម្បត្តិរយៈពេល៣ថ្ងៃនេះបានចាប់ផ្តើម។
ព្រះមហាក្សត្រ Vajiralongkorn គឺជាស្តេចទី១០នៃរាជវង្សចក្រីដែលបានសោយរាជ្យចាប់តាំងពីឆ្នាំ១៧៨២មក។
ទ្រង់បានឡើងសោយរាជ្យជាងពីរឆ្នាំមកហើយ បន្ទាប់ពីការចូលទិវង្គតរបស់បិតាជាទីស្រលាញ់របស់ទ្រង់ ប៉ុន្តែត្រូវរង់ចាំរហូតដល់ក្រោយការកាន់ទុក្ខរយៈពេលដ៏យូរមុននឹងកំណត់កាលបរិច្ឆេទនៃពិធីអភិសេក។
ពិធីថ្ងៃសៅរ៍បានចាប់ផ្តើមដោយព្រះមហាក្សត្របានទទួលទឹកពិសិដ្ឋដែលយកមកពីទូទាំងប្រទេសថៃហើយជូតសើរៗលើព្រះភ័ក្ត្ររបស់ទ្រង់នៅទីសក្ការបូជាមួយខាងក្នុងព្រះបរមរាជវាំង។
កាំភ្លើងធំកិត្តិយសបានបាញ់ដើម្បីប្រារព្ធពិធីហើយឧបករណ៍ភ្លេងបុរាណបានបន្លឺឡើងខណៈព្រះសង្ឃបានសូត្រធម៌។
ពួកព្រាហ្មណ៍ជាច្រើនក៏មានវត្តមាននៅក្នុងពិធីចម្រុះសាសនាផងដែរដែលតំណាងឲ្យការប្រែក្លាយស្តេចរាមាទី១០ពីមនុស្សទៅជាទេវតា។
បន្ទាប់មក ទ្រង់បានគង់លើកៅអីនៅក្រោមឆ័ត្ររបស់រដ្ឋហើយត្រូវបានប្រគល់ឲ្យនូវមកុដ Great Crown of Victory ដែលជាមកុដធ្វើពីមាសទម្ងន់៧.៣គីឡូក្រាមនិងនៅលើមកុដនោះមានដាំពេជ្រមួយគ្រាប់ដែលយកមកពីប្រទេសឥណ្ឌា។
សម្រាប់ពាក្យបញ្ជាដំបូងបង្អស់របស់ទ្រង់ ព្រះអង្គបានសន្យាថានឹងសោយរាជ្យជាមួយសេចក្តីសុចរិតដើម្បីផលប្រយោជន៍របស់ប្រជាជនថៃ។
ភរិយាទីបួនរបស់ទ្រង់ព្រះនាម Suthida ដែលបានរៀបអភិសេកនៅក្នុងពិធីដ៏គួរឲ្យភ្ញាក់ផ្អើលមួយប៉ុន្មានថ្ងៃមុនពិធីឡើងគ្រងរាជ្យគឺបានលុតជង្គង់គោរពនៅចំពោះមុខព្រះស្វាមីដែលកំពុងគង់លើរាជ្យបល្ល័ង្ក។
សម្រាប់ប្រជាជនថៃភាគច្រើន វាគឺជាលើកទីមួយហើយដែលពួកគេបានឃើញពីភាពរុងរឿងនិងភាពធំធេងនៃពិធីឡើងគ្រងរាជ្យ។ ពិធីឡើងគ្រងរាជ្យចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ១៩៥០សម្រាប់ព្រះបាទ Bhumibol Adulyadej ដែលជាព្រះបិតាជាទីស្រឡាញ់របស់ព្រះអង្គ Vajiralongkorn៕ AFP
Source: Kampuchea Thmey Daily
0 Comments