Ad Code

អង្គការ​MAG ​បន្ត​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រាប់​រយ​គ្រាប់​នៅ​សេសសល់ ​កម្ទេច​ចោល ក្នុងស្រុក​អូរ​យ៉ា​ដាវ



រតនគិរី ​៖ ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ម្នាក់​ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​១​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម​រើស​ដាក់​កា​ផា​ស្ពាយ យក​មក​​​ផ្ទះ ​រួច​រាយការណ៍​ទៅ​សមត្ថកិច្ច។

ការ​ប្រទះឃើញ​គ្រាប់បែក​មួយ​គ្រាប់​មិនទាន់​ផ្ទុះ​នេះ កាលពី​ថ្ងៃ​ទី​៣០​ ខែ​មេសា ​ឆ្នាំ​២០១៩​កន្លងទៅ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្នុង​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ​ឡែ ​ឃុំ​លំ​ជ័រ​ ស្រុក​អូ​រយ៉ា​ដាវ​តែ​ម្ដង។

ប្រជាពលរដ្ឋ​ ដែល​រើស​គ្រាប់​បាន​រូប​នោះ ​ក៏បាន​រាយការណ៍​ភ្លាមៗ​ទៅ លោក ស្លៃ​ម៉ាន ហាស្សាន់ នាយ​ប៉ុស្ដិ៍​ នគរបាល​ឃុំ​លំ​ជ័រ លោកនាយ​ប៉ុស្ដិ៍​ក៏បាន​ណែនាំ​ចំណុច​សំខាន់ៗ​ជាច្រើន ទាក់ទិន​នឹង​គ្រាប់បែក ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដូចជា យក​មក​ប្រគល់​ឲ្យ​ប៉ុស្តិ៍ កុំ​ប៉ះពាល់​វា កុំ​ដំ​កុំ​ដុត ឬ​ដាក់​សញ្ញា​សំគាល់​មួយកន្លែង​ជៀសវាង​បង្ក​គ្រោះថ្នាក់។ ប៉ុន្តែ​ពលរដ្ឋ​រូបនោះ​មានការ​ភ័យ​ពេក​ ក៏​យក​គ្រាប់បែក​ទៅ​ទម្លាក់​ចោល​ក្នុង​ស្រះ​មួយកន្លែង​ទៅវិញ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកនាយ​ប៉ុស្ដិ៍​ឃុំ​លំ​ជ័រ លោក​ស្លៃ​ម៉ាន ហាស្សាន់​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​ឧសភា ​ឆ្នាំ​២០១៩។

លោក​អនុសេនីយ៍ទោ ស្លៃ​ម៉ាន ហាស្សាន់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​លំ​ជ័រ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឡែ រាយការណ៍​តាម​ទូរស័ព្ទ រួចមក​ គ្រាប់​១២,៧​ចំនួន​១​គ្រាប់​នេះ លោកនាយ​ប៉ុស្តិ៍​ក៏បាន​ទំនាក់ទំនង​ទៅ​អង្គការ MAG ដែល​ជា​អង្គការ​ជំនាញ​។​

​លោក​បន្ថែមទៀតថា ក្រោយពី​បានទទួល​ដំណឹង​នេះ​ភ្លាម លោក​ក៏បាន​ទូរស័ព្ទ​ទៅ​លោក ចាន់ ថន ជា​ប្រធាន​ក្រុម​ផ្នែក​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បី​មក​ទទួលយក​ហៅថា​អង្គការ MAG​។​

​លោក​ថា លុះ​មកដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រុម​អង្គការ​MAG ដែល​ដឹកនាំ​ដោយ​លោក ចាន់ ថន ​​បាន​ចុះទៅ សួរនាំ​ស្ត្រី​ឈ្មោះ រ​ចំ ញឹម ជនជាតិ​ច្រាយ ដែល​បាន​យក​គ្រាប់​ប្រភេទ​អាវុធ​ធុន​តូច​១២,៧ មក​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដែល​បាន​មក​តាមរយៈ​ភ្ជួរដីចម្ការ។ ក្រោយមក​លោក​បន្ត​រាវ​រកបាន​ចំនួន​១៦០​គ្រាប់​ទៀត ស្ថិតក្នុង​ភូមិ​ឡែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដើម្បី​កម្ទេច​ចោល​។​

រីឯ​គ្រាប់បែកដៃ​ប្រភេទ​៨២,២​ផលិត​នៅ​ប្រទេស​វៀតណាម ចំនួន​១​គ្រាប់ គឺ​បានមកពី​ឈ្មោះ សិទ្ធិ ភេទ​ប្រុស ទីលំនៅ​ភូមិ​/​ឃុំ​ខាង​លើ ដែល​​ឃើញ​ក​ប់​ដី​នៅក្នុង​ចម្ការ​។​

​ក្រោយពី​កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើ​ការប្រគល់​និង​ទទួល​រួចមក​ លោក ចាន់ ថន ប្រធាន​ក្រុម​កម្ទេច​គ្រាប់ EOD3 របស់​អង្គការ​(MAG) ចល័ត​គ្រាប់​ទាំងអស់នេះ យកទៅ​ទីតាំង​កម្ទេច​តាម​ជំនាញ​របស់ខ្លួន​ដោយ​សុវត្ថិភាព​។​

ក្នុង​នាម​លោក​នាយ​ប៉ុស្តិ៍ ស្លៃ​ម៉ាន​ហាស្សាន់ ​ប្រចាំ​ក្នុង​មូលដ្ឋាន​​​ឃុំ​លំ​ជ័រ ភូមិ​ឡែ​ ស្រុក​អូរ​យ៉ា​ដាវ​លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាទូទៅ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​នៅ​រាល់​ការ​កាប់​គាស់​ភ្ជួរ​រស់​ដី​ធ្វើស្រែ​ចម្ការ​ ប្រទះឃើញ​គ្រាប់បែក​ ទោះ​ប្រភេទ​ណា​ក៏ដោយ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ជៀសវាង​ការ​ហាម​ប៉ះពាល់ យក​មក​កែច្នៃ​ខុស​ពី​បទដ្ឋាន​បច្ចេកទេស​ងាយ​បង្ក​ហានិភ័យ​ដល់​អាយុជីវិត៕ ​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu